(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពីការផ្លាស់ប្តូរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) វិញ។

សហគ្រាស ស.ស.ភ. មានបេសកកម្មគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅរាជធានីភ្នំពេញ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយសោភណភាព ចីរភាព ប្រសិទ្ធភាព គុណភាព និងសុខុមាលភាព។
ចាប់ពីពេលនេះតទៅ សហគ្រាស ស.ស.ភ. ចាប់ផ្តើមដំណើរការប្រតិបត្តិការការងាររបស់ខ្លួនពេញលេញ។

ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ សម្រេចធ្វើការផ្លាស់ប្តូរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) វិញ។ សូមគ្រប់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជា អតិថិជនប្រើប្រាស់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ចូលរួមសហការអនុវត្តសេចក្តីជូនដំណឹង នេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងសោភណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ៕