(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៥៧៥គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ ក្នុងនោះមានម៉ូតូ ៤៨៥គ្រឿង និងរថយន្ត ៩០គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២,១៦៧គ្រឿង ក្នុងនោះមានម៉ូតូ ១,៨៧១គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៩៦គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ ស្រវឹង គ្រឿងញៀន អត់បណ្ណបើកបរ ស្លាកលេខ កែច្នៃ មួក ជាដើម។ ដោយឡែករថយន្តរួមមាន៖ ដឹកសំពីងសំពោង ស្រវឹង អត់បណ្ណបើកបរ ឆៀក គ្មានភ្លើងបំភ្លឺ ភ្លើង-ផ្លាក កែច្នៃ ល្មើសល្បឿនជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៧លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ១២នាក់ (របួសធ្ងន់ចំនួន ០៧នាក់)។ រយៈពេល ០៥ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥៧លើក បណ្ដាលឱ្យមនុស្សស្លាប់ ២៤នាក់ របួស ៧៤នាក់ (របួសធ្ងន់ ៤៥នាក់)៕