(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅស្នាក់ការ ស.ស.យ.ក ខេត្ត, អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់ចេញផែនការចំនួន ៣ចំណុច ដើម្បីឱ្យយុវជនស្មគ្រចិត្ត ស.ស.យ.ក ខេត្ត អនុវត្តការងារក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងបម្រើផលប្រយោជន៍ឱ្យមហាជន។

ជាទិសដៅក្នុងឆ្នាំ២០២៤នេះ លោកអ៊ុន ចាន់ដា បានដាក់គោលការណ៍ ៣ចំណុច ឱ្យយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ខេត្ត យកទៅអនុវត្តបន្តរួមមាន៖

*ទី១៖ ក្រុមយុវជន ស.ស.យ.ក ត្រូវធ្វើការសហការជាមួយក្រុមយុវជនកាកបាទក្រហមខេត្តកំពង់ចាម ដោយរាល់សមាជិកទាំងអស់ នៃយុវជន ស.ស.យ.ក ត្រូវពាក់អាវ និងមួករបស់សសយក មុនចុះទៅផ្សព្វផ្សាយនៅកន្លែងណាមួយ។ នៅពេលចុះផ្សាព្វផ្សាយ សុំឱ្យយុវជនស្មគ្រចិត្ត និងយុវជនកាកបាទក្រហម ផ្សព្វផ្សាយស្តីពីបញ្ហាគ្រឿងញៀន ដោយយុវជន ស.ស.យ.ក ត្រូវធ្វើជាគំរូ ត្រូវក្លាយខ្លួនជាមនុស្សជាមុនសិន ដោយមិនត្រូវពាក់ព័ន្ធគ្រឿងញៀន ឬប្រើប្រាស់គ្រឿងញៀននោះឡើយ។

ពេលចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬអប់រំជាសារសំឡេងស្តីពីគ្រោះថ្នាក់ចរាចរណ៍ ឱ្យរបស់ប្រជាពលរដ្ឋបានដឹងពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។ បញ្ហាថង់ប្លាស្ទិក យុវជនត្រូវអប់រំស្តីពីហានិភ័យ ពីការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះវាអាចមានផលប៉ះដល់មនុស្ស បរិស្ថាន និងសត្វ។

*ទី២៖ សុំឱ្យប្រធានក្រុមយុវជនស្ម័គ្រចិត្ត បង្តើតក្រុមឱ្យបង្កើតផេកហ្វេសប៊ុក នៅលើបណ្តាញអិធើណែត ដើម្បីឱ្យយុវជនរបស់យើង ធ្វើការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ចែករំលែកគ្នា បង្ហាញពីសកម្មភាពរបស់យុវជន និងផ្តល់ការអប់រំ ផ្តល់សារណែនាំឱ្យប្រជាពលរដ្ឋចូលរួមការងារសង្គមឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

*ទី៣៖ យុវជនដែលចូលរួមក្នុងការងារសង្គមហើយ ក៏នូវមានភារៈកិច្ចចុះទៅបង្រៀនសិស្សនៅតាមសាលារដ្ឋ និងឯកជន ឱ្យសិស្សានុសិស្សរបស់យើង បានយល់ដឹងពី សុជីវធម៌គុណធម៍ ទម្លៀមទម្លាប់របស់ខ្មែរ ដែលចាប់ផ្តើមបង្រៀនដំបូងចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១១។ បន្ថែមពីបង្រៀនរួចហើយ យុវជន ត្រូវណែនាំទៅសិស្សចូលរួមកាត់បន្ថយប្រើប្រាស់ថង់បា្លស្ទិក ដើម្បីចូលរួមលុបបំបាត់ប្រើប្រាស់ទាំងអស់គ្នា នៅពេលខាងមុខដ៏ខ្លីនេះ៕