(កំពង់ស្ពឺ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្តីប្រកាសព័ត៌មានស្តីពីអំពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

លោក ហេង ស៊ីឡេង សមាជិក គជប បានថ្លែងថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលមានការិយាល័យបោះឆ្នោតចំនួន ៣៣ ការិយាល័យ និងមានអ្នកបោះឆ្នោត សរុបចំនួន ១១.៧៤៧ នាក់ ក្នុងនោះរួមមានតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ (ស្ត្រី ១៧នាក់) និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងមានចំនួន ១១.៦២២នាក់ (ស្ត្រី ២.៥៦៨នាក់)។

លោក ហេង ស៊ីឡេង បានបន្តថា បញ្ជីបោះឆ្នោតដំបូងនេះត្រូវបានបិទផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ១ច្បាប់ និងបិទផ្សាយនៅកន្លែងផ្សេងគ្នាក្នុងទីប្រជុំជនរាជធានី ខេត្ត ក្នុងកន្លែងនីមួយៗ ១ច្បាប់ ចំនួន ៣កន្លែង។

ទន្ទឹមនឹងនោះ ដើម្បីបង្កលក្ខណៈងាយស្រួលទៅដល់ អ្នកបោះឆ្នោត គ.ជ.ប ក៏បានប ង្ហោះ បញ្ជីបោះឆ្នោតដំបូងនេះ នៅលើគេហទំព័រ voterlist.nec.gov.kh និង Mobile App (NEC KH) ផងដែរ។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពី គណបក្សនយោបាយមានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបាន ដោយបង់ថ្លៃគិតត្រឹមតម្លៃផលិត។

លោក ហេង ស៊ីឡេង បានបន្ថែមថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង មានរយៈពេល ៥ថ្ងៃ ក្នុងគោលដៅឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធធ្វើការពិនិត្យដើម្បីកែតម្រូវ តាមរយៈការប្ដឹងតវ៉ា ឬការប្តឹងជំទាស់ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូង ដោយត្រូវអនុវត្តនីតិវិធី និងដំណាក់កាលនៃបណ្តឹង។ ពាក្យបណ្តឹងមានពាក្យបណ្តឹងតវ៉ា និងពាក្យបណ្តឹងជំទាស់។

លោកបាបបន្តថា ពាក្យបណ្ដឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ឬមិនត្រឹមត្រូវ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃរាជធានី ខេត្តផ្សេងរួចហើយ។ ចំពោះពាក្យបណ្ដឹងជំទាស់អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ដែលមា នឈ្មោះ ក្នុងបញ្ជីបោះឆ្នោតដំបូង ជាជនដែលពុំមានសិទ្ធិបោះឆ្នោតដោយមិនមែនជាតំណាងរាស្ត្រក្នុងតំណែង ឬមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំ ណែងនៅក្នុងក្របខណ្ឌភូមិភាគនីមួយៗ និងករណី ដែលអ្នកបោះឆ្នោតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែងជាដើម។

លោក ហេង ស៊ីឡេង បានបញ្ជាក់ជូនថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរតាមទម្រង់ ១២០២ ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូងតាមឋានានុក្រមទៅ គធ.ខ ប គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ តាមដំណាក់កាល តាមនីតិវិធី និងពេលវេលានៃការដាក់ និងការទទួលពា ក្យបណ្ដឹង។ ចំពោះការដោះស្រាយពាក្យបណ្តឹងនឹងធ្វើទៅតាម នីតិវិធី ហើយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕