(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសសមាសភាពក្រុមការងារអន្ដរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅអគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

យោងតាមសេចក្ដីសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការបង្កើតក្រុមការងារអន្ដរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន បានកំណត់ថា ក្រុមការងារនេះ មានទេសរដ្ឋមន្ដ្រី ព្រុំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន អមដោយអនុប្រធាន ចំនួន៦រូប និងសមាជិក ចំនួន១០រូប។

ក្រុមការងារអន្ដរក្រសួងនេះ មានភារកិច្ចដូចតទៅ៖

* ប្រមូលព័ត៌មានពាក់ព័ន្ធការនាំចូល នាំចេញ ដឹកជញ្ជូន រក្សាទុក ជួញដូរ ប្រើប្រាស់ និងសន្និធិ សារធាតុ ដែលបានប្រើប្រាស់នៅក្នុងវិស័យដូចមានចែងក្នុងប្រការ២ នៃសេចក្ដីសម្រេចនេះ

* គ្រប់គ្រងការចរាចរ ការជួញដូរ ការរក្សាទុកសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់ សំដៅទប់ស្កាត់ការប្រើប្រាស់ខុសច្បាប់ និងការ លួចបង្វែរពីជំនួញស្របច្បាប់ ទៅផលិតគ្រឿងញៀនខុសច្បាប់

* ចុះត្រួតពិនិត្យការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហត្រាស ដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ច និងនៅ ទីកន្លែងរផ្សេងទៀត ដែលសង្ស័យមានការចែកចាយ និងការប្រើប្រាស់សារធាតុញៀន សារធាតុ គីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់

* ត្រួតពិនិត្យផ្ទៀងផ្ទាត់រាល់ឯកសារទាក់ទងនឹងអាជ្ញាបណ្ណនាំចូលសារធាតុគីមីផ្សំរបស់បណ្ដ ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានទទួលអាជ្ញាបណ្ណ ឬការអនុញ្ញាតពីក្រសួង ស្ថាប័ន មានសមត្ថកិច្ច - តាមដានត្រួតពិនិត្យរាល់ផែនការផលិតរបស់ក្រុមហ៊ុន សហគ្រាសឱសថ លើបទដ្ឋានបច្ចេកទេស ការរក្សាទុក ការចែកចាយ និងការប្រើប្រាស់វត្ថុធាតុដើម មានលក្ខណៈជាសារធាតុដែលមានឥទ្ធិពល ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ

* ផ្តល់យោបល់ជូនប្រធាន អ.ជ.ប.គ.ញ. ដើម្បីចាត់វិធានការគ្រប់គ្រងនិងត្រួតពិនិត្យការនាំ ចេញ នាំចូល ការដឹកជញ្ជូន ភាររក្សាទុក ការជួញដូរ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់ ដើម្បីធានាសុវត្ថិភាព និងបង្ការទប់ស្កាត់ការប្រើប្រាស់ខុសច្បាប់ និងការលួចបង្វែរពីជំនួញស្របច្បាប់យកទៅផលិត គ្រឿងញៀនខុសច្បាប់

* រៀបចំរបាយការណ៍អំពីលទ្ធផល និងវឌ្ឍនភាពការងារជូនប្រធាន អ.ជ.ប.គ.ញ

* អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រធាន អ.ជ.ប.គ.ញ.៕