(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនគ្រួសារសម្រាលបានកូនភ្លោះ៣ (ស្រីពីរ ប្រុស១)។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សេង ទៀង នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា យកទៅប្រគល់ជូនគ្រួសារខាងលើនាព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤នេះ នៅផ្ទះជួលលេខ១០អាបេ ផ្លូវលេខ២១២ ភូមិ១៤ សង្កាត់ផ្្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញញ។
គ្រួសារដែលមានកូនភ្លោះ៣នេះ ជាកូនលើកទី៣ មានឪពុកឈ្មោះ ប៊ូ គឹមយឿន អាយុ ៣៤ឆ្នាំ មុខរបរបុគ្គលិកធនាគារឯកជន នៅខេត្តមណ្ឌលគីរី ម្តាយឈ្មោះ ម៉ាក ម៉ាលីន អាយុ ២៨ឆ្នាំ មុខរបរលក់សម្លៀកបំពាក់។ ទារកភ្លោះទាំងបីសម្រាលនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។
នៅចំពោះមុខគ្រួសារកូនភ្លោះបីនេះ លោក សេង ទៀង មានប្រសាសន៍នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារខាងលើ។ លោក សេង ទៀង បានរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលប្រមាណ ២៥ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រកូនភ្លោះបីនាក់ ឬបួននាក់ចំនួន៤១១គ្រួសារហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
នាយករងខុទ្ទកាល័យសម្តេចធិបតីរូបនេះ បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ។ អំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលបានសម្រាលកូនភ្លោះបី ឬបួននាក់។
គ្រួសារកូនភ្លោះ៣ខាងលើនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ហើយសម្តេចតែងចាត់ឱ្យតំណាងនាំថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ ចែកជូនផ្ទាល់ដៃដល់គ្រួសារ សម្រាលបានកូនភ្លោះបីនាក់ ដើម្បីជួយសម្រាលការលំបាកក្នុងការចិញ្ចឹមបីបាច់កូន ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម។
អំណោយជូនដល់គ្រួសារកូនភ្លោះ៣ខាងលើនេះ ក្រៅពីថវិកា៥លានរៀលហើយនោះ មានអង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និងក្រម៉ា២៕