(ភ្នំពេញ)៖ រឿងក្ដីព្រហ្មទណ្ឌដ៏ចម្រូងចម្រាសមួយ ដែលមានជនជាប់ចោទជាអតីតឧត្ដមសេនីយ៍យោធា និងជាមនុស្សជំនិតបំផុតរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងម្តាយលោកថោង សារ៉ាត់ ពេលនេះបានរាលដាលដល់លោកមេធាវី រស់ ផល្លា។
អ្វីដែលជាការរាលដាលដោយសារតែ លោកស្រី កែវ សារី បានសារភាពថា លោកមេធាវី រស់ ផល្លា ជាអ្នករៀបចំឲ្យលោកស្រីស្គាល់លោក ពេជ្រ ព្រហ្មមុនី។
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែសីហា បានបើកសវនាការកាត់ទោស លោកស្រី កែវ សារី និងលោក ពេជ្រ ព្រហ្មមុនី។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោកស្រី កែវ សារី ពីបទ «ជំនួញឥទ្ធិពលសកម្ម» តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងចោទប្រកាន់លោក ពេជ្រ ព្រហ្មមុនី ពីបទ ជំនួញឥទ្ធិពលអកម្មតាមមាត្រា៥៩៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥។
នាពេលសវនាការ លោកស្រី កែវ សារី បាននិយាយថា លោកស្រីមិនដែលស្គាល់លោក ពេជ្រ ព្រហ្មមុនី ពីមុនមកនោះទេគឺលោកមេធាវី រស់ ផល្លា ជាអ្នករៀបចំឲ្យលោកស្រី ស្គាល់លោក ពេជ្រ ព្រហ្មមុនី ដោយលោក រស់ ផល្លា អួតថា លោក ពេជ្រ ព្រហ្មមុនី ជាគ្រូទាយដ៏ពូកែម្នាក់អាចជួយរៀបចំធ្វើ និងសែនជំនាងផ្ទះឲ្យមានសេចក្តីសុខ។
លោកស្រី កែវ សារី បន្តថា លោកស្រីបានទៅជួបលោក រស់ ផល្លា និងលោក ពេជ្រ ព្រហ្មមុនី ជាមួយលោកស្រី ទាវ ធីតា ជាប្រពន្ធលោក ថោង សារ៉ាត់ នៅភោជនីយដ្ឋាន One More។ ការជួបគ្នានោះ គឺក្នុងគោលបំណងសុំឲ្យលោក ពេជ្រ ព្រហ្មមុនី ទស្សន៍ទាយឲ្យ ដោយពេលទាយចប់លោកស្រីបានជូនកាដូមួយកញ្ចប់ និងស្រោមសំបុត្រមានលុយចំនួន១០០០ដុល្លារទៅលោក ពេជ្រ ព្រហ្មមុនី ឲ្យស្រោមសំបុត្រមានលុយចំនួន៥០០ដុល្លារទៅលោកមេធាវី រស់ ផល្លា និងឲ្យស្រោមសំបុត្រមានលុយចំនួន៥០០ដុល្លារ ឲ្យទៅអង្គរក្សម្នាក់ទៅជាមួយលោក ពេជ្រ ព្រហ្មមុនី។
ជាមួយគ្នានេះ លោក ពេជ្រ ព្រហ្មមុនី បាននិយាយថា លោកពិតជាបានទៅជាមួយ លោកមេធាវី រស់ ផល្លា ដើម្បីទស្សន៍ទាយឲ្យលោកស្រី កែវ សារី នៅភោជនីយដ្ឋាន One More ពិតមែន។ ការទស្សន៍ទាយនេះ ធ្វើឡើងតាមការស្នើសុំឲ្យជួយរបស់លោកស្រី ទាវ ធីតា ជាប្រពន្ធ លោក ថោង សារ៉ាត់ និង លោក រស់ ផល្លា។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោក យិន សារឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះវិញ៕