(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋានប្រាសាទគោកបល្ល័ង្ក ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប និងមានគម្រោងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា និងស្តារកសិន្ធុជុំវិញនោះ ដើម្បីកិច្ចការងារអភិរក្ស។

លោក សោម កក្កដា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក្រុមការងារលោកតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤មក បានចុះមកទួលប្រាសាទគោកបល្ល័ង្ក។

បន្ទាប់ពីមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរៗនោះ រាយការណ៍អំពីការរំលោភបំពាន ដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ។ លោកថា បច្ចុប្បន្នក្រុមការងារមានសមាជិកជាង២០នាក់ បានត្រួសឆ្ការព្រៃដុះស៊ុបទ្រុបសម្អាតនៅជុំវិញទីតាំងទួលបុរាណនៃប្រាសាទគោកបល្ល័ង្ក និងកាយយកអាចម៍ដីដែលចាក់លុបចេញពីទីតាំងកសិន្ធុ។ កិច្ចការងារនេះគ្រោងនឹងចំណាយពេលវេលា៣០ថ្ងៃទើបរួចរាល់។

លោកបានបន្តថា នៅលើទីតាំងទួលនៃប្រាសាទនេះឃើញមាននៅសេសសល់មេទ្វារ បល្ល័ង្ក និងចម្រឹងបង្អួចខ្លះៗ ក្រុមការងារនៅមិនទាន់កំណត់អំពីសម័យកាលនៃការសាងសង់ប្រាសាទនៅឡើយ។ ប៉ុន្តែបន្ទាប់ពីការងារសម្អាតរួចរាល់ អាជ្ញាធរជាតិអប្សរាមានគម្រោងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា និងស្តារកសិន្ធុជុំវិញនោះ ដើម្បីកិច្ចការងារអភិរក្ស។

ក្នុងនាមអាជ្ញាធរជាតិអប្សរា លោក សោម កក្កដា បានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅជុំវិញទីទួលបុរាណទាំងអស់សូមចូលរួមថែរក្សា កុំចោលសំរាម កុំរំលោភបំពាននៅលើទីតាំងទាំងនោះ ចៀសវាងបាត់បង់កេរដំណែលដូនតាខ្មែរបានបន្សល់ទុក៕