(អង់ការ៉ា)៖ នៅក្នុងប្រតិបត្តិការជីកឬសគល់ មួយសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ក្នុងតំបន់ភាគខាងជើងប្រទេស ស៊ីរី ជាប់ព្រំដែនតួកគីនោះ យោធាតួកគីបានសម្រេចបញ្ជូនរថក្រោះជាង ២០គ្រឿងចូលទៅក្នុង ទឹកដីស៊ីរីនោះតែម្តង ហើយក៏បានអះអាងទៀតថា នឹងបញ្ជូនទៅបន្ថែមទៀតប្រសិនបើចំាបាច់។ នេះបើតាមការចេញផ្សាយនៅមុននេះ បន្តិចដោយសារព័ត៌មាន ABC News នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា នេះជាការសងសឹកចំពោះការបំផ្ទុះគ្រាប់បែកសម្លាប់ជនជាតិតួកគី ៥៤នាក់ និងរបួស ២០០នាក់ កាលពីសប្តាហ៍មុន នៅសប្តាហ៍នេះកងទ័ពតួកគីបានបើកការវាយប្រហារទ្រង់ទ្រាយធំ និងបានផ្តាច់ជីវិតពួក ISIS ចំនួន ៤៦នាក់ នៅភាគខាងជើងស៊ីរី ប៉ុន្តែវាក៏ត្រូវបានរដ្ឋាភិបាលស៊ីរី ប្រកាសថ្កោលទោស ដោយបានចោទថា ជាទង្វើរំលោភបំពានទឹកដីរបស់ខ្លួន។

រដ្ឋាភិបាលតួកគី បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធថា ពីដំបូងយោធាតួកគីបានចាប់ផ្តើមបើកការ វាយប្រហារដោយកាំភ្លើងធំ ទៅលើទីក្រុង Jarablus តាមព្រំដែនស៊ីរី ដែលបានធ្វើឡើងតាំងពីម៉ោង ១៖០០នាទី រំលងអាធ្រាត ឈានចូលថ្ងៃពុធ។ ផ្សែងហុយខ្មួលខ្មាញ់ចេញពីទីក្រុង ISIS ខាងលើនេះ ត្រូវបានសារព័ត៌មាន CNN ចាប់រូបភាពបានពី ទីក្រុង Karkamis របស់ប្រទេសតួកគីផងដែរ៕