(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំសិក្ខាសាលាស្តីពី «ការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» ដល់និស្សិតដែលកំពុងសិក្សា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចំនួនជាង ២០០នាក់ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក កាន់ ម៉ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសកលវិទ្យាធិការរង ពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា។

សិក្ខាសាលានេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ជាពុទ្ធិដល់និស្សិតដែលកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សាឱ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការឈានជើងចាប់យក ឱកាសការងារដែលខ្លួនស្រឡាញ់ និងធ្វើការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងគន្លឹះសំខាន់ៗក្នុងការរក្សាការងារ ពិសេសដើម្បីណែនាំអំពីព័ត៌មាន ទីផ្សារការងារ នៅក្នុងប្រទេសកម្ពុជាជូនដល់និស្សិតផងដែរ។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចូលវគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័សនោះ សូមមកចុះឈ្មោះជាមួយ NEA។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕