(ភ្នំពេឭញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សហការដោយគណៈកម្មាធិការជាតិបណ្តុះបណ្តាល ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពី ការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ ជូនដល់សមណនិស្សិត និស្សិត នៅសាលវិមានសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក កាន់ ម៉ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងដ៏សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ និងថ្នាក់ដឹកនាំ រួមទាំងសមណនិស្សិត និស្សិតជាច្រើនរូបទៀត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ក្នុងពិធីបើកសិក្ខាសាលានេះ លោក ងួន ស្តេចភក្តី បានលើកឡើងពីគុណតម្លៃនៃការងារ និងគោលនយោបាយដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្នុងការលើកកម្ពស់សមត្ថភាព ចំណេះដឹង ជំនាញ និងវិជ្ជាជីវៈ របស់ប្រជាពលរដ្ឋគ្រប់រូបដើម្បីអាចទទួលបានការងារធ្វើគ្រប់ៗគ្នា ក្រោមសមត្ថកិច្ចដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនេះ លោកក៏បានលើកឡើងនូវគំនិតផ្តួចផ្តើមបង្កើតការិយាល័យទំនាក់ទំនងការងារជូននិស្សិត ដោយចុះអនុស្សារណៈយោគយល់ សហការ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ការបណ្តុះបណ្តាល និងជួយស្វែងរកការងារជូននិស្សិត។

ជាមួយគ្នានេះលោក កាន់ ម៉ន ក៏បានលើកឡើងពីការសាទរចំពោះគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីរួបរួមគ្នាសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅនៃការបណ្តុះបណ្តាលគឺ ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ​ ដែលបែងចែកជាក្រុមគោលដៅទី១ គឺយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស ឱ្យចូលរៀនដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលបណ្តុះបណ្តាល និងក្រុមគោលដៅទី២ គឺបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ អាចចូលរៀនដោយមិនបង់ថ្លៃ លើវិស័យបណ្តុះបណ្តាលចំនួន១០ រួមមាន៖ ១. សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិច, បរិក្ខារត្រជាក់ និងកម្តៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍ , សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម និង ធុរកិច្ច និងព័ត៌មានវិទ្យា៕