(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានភ្ញាក់ផ្អើលក្រោយការឃើញរុស្ស៊ី បានប្រើប្រាស់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើងបាញ់ដាក់លើសមរភូមិភាគខាងកើតអ៊ុយក្រែន។ សហរដ្ឋអាមេរិកគ្រោងនឹងលើកយកបញ្ហានោះទៅជជែកក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីមានវិធានការប្រឆាំងនឹងកូរ៉េខាងជើង។

រុស្សីត្រូវគេរាយការណ៍ថាកំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកមីស៊ីលផ្លោងពីបរទេសដោយសារតែមីស៊ីលទាំងនោះ ហាក់ដូចជាមានប្រសិទ្ធភាពជាង ក្នុងការវាយលុកគោលដៅក្នុងប្រទេសអ៊ុយក្រែនក្នុងកាលៈទេសៈមួយចំនួន។ កងកម្លាំងរុស្ស៊ីត្រូវគេរាយការណ៍ថាជាធម្មតាក្នុងពេលប្រយុទ្ធតែងប្រើមីស៊ីលរយៈចម្ងាយខ្លី បាញ់ដាក់លើបណ្តាទីក្រុងនានារបស់អ៊ុយក្រែន ដែលស្ថិតនៅក្បែរនឹងសមរភូមិ។ មីស៊ីលបរទេសទាំងនោះត្រូវគេនិយាយទៀតថាហាក់ដូចជាមានប្រសិទ្ធភាពជាង ក្នុងការបាញ់ទម្លាយ ឬបញ្ចៀសរបាំងការពារអាកាសរបស់អ៊ុយក្រែនបាន។

មន្ត្រីសេតវិមានសហរដ្ឋអាមេរិកបានថ្លែងថា កូរេខាងជើងបានផ្តល់មីស៊ីលបាលីស្ទីកបាញ់រយៈចម្ងាយខ្លីរបស់ខ្លួនមកឱ្យរុស្ស៊ី និងមីស៊ីលទាំងនេះថែមទាំងបានប្រើប្រាស់ ខ្លះរួចមកទៀត នៅលើសមរភូមិអ៊ុយក្រែន។ មន្ត្រីទីប្រឹក្សាសន្តិសុខសហរដ្ឋអាមេរិក លោក John Kirby បានថ្លែងបញ្ជាក់ក្នុងសន្និសីទកាសែតមួយថ្ងៃទី៤ មករា បញ្ជាក់អំពីមីស៊ីលបាលីស្ទីកបាញ់រយៈចម្ងាយខ្លីរបស់កូរ៉េខាងជើងនេះផ្តល់ទៅឱ្យរុស្ស៊ី។ មន្ត្រីទីប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby បានថ្លែងថា«ព័ត៌មានរបស់ យើងបាន បង្ហាញថាកូរ៉េខាងជើងនាពេលថ្មីៗនេះបានផ្តល់ឱ្យរុស្ស៊ីនូវអាវុធមីស៊ីបាលីស្ទីកនិងគ្រាប់របស់វាមួយចំនួន»។ លោកបានថ្លែងបន្តថា «នៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២៣, កងកម្លាំងរុស្ស៊ី បានធ្វើការបាញ់មីស៊ីលជាច្រើននិងយ៉ាងហោច រួមមានមីស៊ីលរបស់កូរ៉េខាងជើងមួយគ្រាប់ចូលទៅក្នុងទឹកដីអ៊ុយក្រែន។

មីស៊ីលរបស់កូរ៉េខាងជើងនោះ បានធ្លាក់ក្នុងតំបន់ទីវាលមួយក្នុងតំបន់ហ្សាប៉ូរីហ្សៀ»។ លោកបន្តថា នៅថ្ងៃទី២ មករា ឆ្នាំ២០២៤, រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទីកជាច្រើន គ្រាប់របស់កូរ៉េខាងជើង ចូលទៅក្នុងទឹកដីអ៊ុយក្រែន ជាបន្ថែមទៀតរួមទាំងការវាយប្រហារតាមផ្លូវអាកាសទាំងកណ្តាលយប់ថែមទៀត»។ មន្ត្រីអ៊ុយក្រែនបាននិយាយថា នៅក្នុងការវាយប្រហារទាំងកណ្តាលយប់នោះមានការបាញ់ដាក់លើក្រុងខាគីវ និងក្រុងគៀវផងដែរ ដែលជាការវាយប្រហារដ៏ធំបង្អស់មួយចាប់ផ្តើមបើកទំព័រនៃដើម ឆ្នាំ២០២៤ ដោយមានទាំងមីស៊ីល និងដ្រូនចូលរួមចម្រុះបាញ់ដាក់លើគោលដៅនៃបណ្តាទីក្រុងអ៊ុយក្រែន។ អ៊ុយក្រែនបាននិយាយបន្តថាការវាយប្រហារនាកណ្តាលយប់ នោះ មានមនុស្ស៤នាក់បានស្លាប់ និង១១៩នាក់ទៀតបានរងរបួស។ ការវាយប្រហារនោះថែមទាំងបានផ្តាច់ទឹក និងផ្តាច់ថាមពលអគ្គីសនីថែមទៀតខណៈដែល មានសម្តីព្រមានរបស់មេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីននិយាយថាគេនឹងបង្កើនការវាយប្រហារដាក់លើអ៊ុយក្រែនឱ្យកាន់តែខ្លាំងថែមទៀតក្នុងកំហឹងសងសឹកមួយដែល អ៊ុយក្រែនបានធ្វើការវាយប្រហារដាក់មកលើតំបន់ Belgorod លើទឹកដីរបស់រុស្ស៊ីដែលស្ថិតក្បែរព្រំដែននៃប្រទេសអ៊ុយក្រែន។

មន្ត្រីយោធារុស្ស៊ី បានថ្លែងក្រោយការវាយប្រហាររួចមកនោះបញ្ជាក់ថា គេបានវាយប្រហារដាក់លើទីតាំងឧស្សាហកម្មយោធាអ៊ុយក្រែន និងបានបាញ់ចំទីតាំងរក្សាស្តុកអាវុធ របស់អ៊ុយក្រែនថែមទៀត ខណៈរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov បានចោទថាការវាយប្រហាររបស់រុស្ស៊ីនោះ មានគោលដៅដាក់តែទៅលើហេដ្ឋា រចនាសម្ព័ន្ធស៊ីវិល និងលើផ្ទះប្រជាពលរដ្ឋស៊ីវិលអ៊ុយក្រែនរស់នៅតែប៉ុណ្ណោះ។ ការវាយប្រហារដាក់លើបណ្តាក្រុងអ៊ុយក្រែនទាំងចុងឆ្នាំចាស់ និងដើមឆ្នាំថ្មីក៏រួមមាន ការប្រើប្រាស់គ្រាប់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើងនោះផង។ មន្ត្រីសហរដ្ឋអាមេរិក លោក John Kirby និយាយថារុស្ស៊ីនឹងបន្តប្រើមីស៊ីលរបស់បរទេសនេះ ជាបន្តទៀត។

មន្ត្រីសេតវិមានបានថ្លែងបន្តថា «យើងដឹង ថាទាំងរុស្ស៊ីនិងកូរ៉េខាងជើងបានដឹងអំពីរឿងប្រើប្រាស់គ្រាប់មីស៊ីលវាយប្រហារនេះ…ហើយយើងនឹងដឹងទៀតថារុស្ស៊ីនឹង ប្រើប្រាស់មីស៊ីលបាលីស្ទីកជាច្រើនថែមទៀតរបស់កូរ៉េខាងជើងក្នុងការបាញ់ដាក់លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែននិងសម្លាប់ពលរដ្ឋស៊ីវិលស្លូតត្រង់របស់អ៊ុយក្រែន»។
លោក John Kirby បាននិយាយទៀតថា «មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង គឺជាមីស៊ីលដែលមានសមត្ថភាពបាញ់ក្នុងកម្រិតចម្ងាយ៩០០គីឡូម៉ែត្រ»។ លោកបង្ហាញក្តីព្រួយបារម្ភថាជំនួយផ្តល់គ្រាប់មីស៊ីបាលីស្ទីករបស់កូរ៉េខាងជើងដល់រុស្ស៊ី នេះគឺជាការបង្កើនភាពតានតឹងកាន់តែខ្លាំង»។

លោក គីម ជុងអ៊ុន កាលពីខែកញ្ញាឆ្នាំ២០២៣ បានធ្វើដំណើរទៅប្រទេសរុស្ស៊ី ដើម្បីរកការពង្រឹងទំនាក់ទំនងជាមួយនឹងរុស្ស៊ី និងលោកពេលនោះបានជួបជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅលើទឹកដីរុស្ស៊ីក្នុងតំបន់ Vostochny Cosmodrome ដែលជាតំបន់ទីយានអវកាសរបស់រុស្ស៊ី។ ដំណើរទស្សនកិច្ច នាពេលនោះ ត្រូវគេជឿថាកូរ៉េខាងជើងបាន សន្យាផ្តល់អាវុធមីស៊ីល និងគ្រាប់រំសេវដល់រុស្ស៊ី ចំណែករុស្ស៊ីបានសន្យាផ្តល់មកកូរ៉េខាងជើងវិញនូវបច្ចេកវិទ្យាយោធា ចុងក្រោយដើម្បីជម្រុញសមត្ថភាពយោធាកូរ៉េខាងជើង។ កូរ៉េខាងជើងវេលាថ្មីៗចុងក្រោយនេះ ត្រូវគេឃើញនូវសមត្ថភាពកើនឡើងនៃបច្ចេកវិទ្យាយោធាផ្នែកលំហអវកាស ដោយសារតែមានការជួយផ្នែកបច្ចេកវិទ្យាពីប្រទេសរុស្ស៊ី។ ការជួយជំរុញបច្ចេកវិទ្យាយោធាដល់រុស្ស៊ីនោះ ត្រូវបានកូរ៉េខាងជើងយកទៅប្រើប្រាស់ក្នុងការ សាកល្បងលើអាវុធ តាក់ទិកនុយក្លេអ៊ែ័ររបស់ខ្លួនផងក្រោយការស្រាវជ្រាវជាច្រើនឆ្នាំកន្លងមក ដើម្បីមហិច្ឆិតាអាវុធនុយក្លេអ៊ែ័ររបស់ខ្លួន។

កូរ៉េខាងជើង កាលពីខែវិច្ឆិកាកន្លងមកនេះទៀត បានបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់ខ្លួនប្រកបដោយជោគជ័យចូលទៅក្នុងគន្លងតារាវិថី ក្រោយការបរាជ័យ ប៉ុន្មានដងមិនអាចសម្រេចបាន។ កូរ៉េខាងជើងថែមទាំងបានអះអាងទៀតថាតាមរយៈការបាញ់បង្ហោះផ្កាយរណបនោះ ភ្នែករបស់កូរ៉េខាងជើងនៅលើមេឃ នឹងជួយផ្តល់ នូវរូបភាពនៃទីតាំងយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមកឱ្យកូរ៉េខាងជើងផងទៀត។ លោក Harry Kazianis នាយកជាន់ខ្ពស់នៃកិច្ចការសន្តិសុខជាតិ នៅមជ្ឈមណ្ឌលផលប្រយោជន៍ជាតិ ដែលស្ថិតក្នុងក្រុម Think Tank មួយដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោន បានថ្លែងបង្ហាញមុននេះថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង តាមរយៈការទទួលបានបច្ចេកវិទ្យាថ្មីទំនើបពីរុស្ស៊ី បានធ្វើកិច្ចការជាច្រើនណាស់លើអាវុធតាក់ទិកនុយក្លេអ៊ែររបស់ខ្លួន ក្រោយរយៈពេលជាច្រើនឆ្នាំមិនទាន់អាចសម្រេច បាន។ លោកថាកូរ៉េខាងជើងថែមទាំងមានការបាញ់សាកល្បងអាវុធជាមួយការស្រាវជ្រាវបន្ថែមថ្មីដែលការបាញ់ម្តងៗបានបង្កឱ្យស្ថានភាពក្នុងតំបន់មានភាពតានតឹងយ៉ាង ក្រៃលែង និងការបាញ់នោះបានជះឥទ្ធិពលដល់សហរដ្ឋអាមេរិកផងដែរ។ លោកបានថ្លែងបញ្ជាក់ថាចំណែកការបាញ់សាកល្បងនូវអាវុធមីស៊ីលបាលីស្ទីកឆ្លងទ្វីប របស់ កូរ៉េខាងជើងវេលាថ្មីៗ កន្លងមកនេះទៀត ក៏ជាសារមួយប្រាប់មកកាន់សហរដ្ឋអាមេរិកដែរថា សូម្បីតែទឹកដីសហរដ្ឋអាមេ រិកដែលស្ថិតនៅឆ្ងាយក៏ដោយ ក៏ស្ថិតក្នុងរង្វង់គ្រាប់ មីស៊ីលបាញ់ផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើងផងដែរ។

មន្ត្រីសន្តិសុខជាតិសេតវិមានលោក John Kirby បានថ្លែងជុំវិញទំនាក់ទំនងនៃផលប្រយោជន៍រវាងរុស៊្សីនិងកូរ៉េខាងជើង។ លោក John Kirby បានថ្លែងថា «ជាមួយនឹង ការទទួលបានមកវិញពីការផ្តល់អាវុធមីស៊ីលបាលីស្ទីកដល់រុស្ស៊ី, យើងវាយតម្លៃថាកូរ៉េខាងជើងកំពុងស្វែងរកជំនួយយោធាពីរុស្ស៊ីវិញដែលរួមមានយន្តហោះប្រយុទ្ធ, មីស៊ីល បាញ់ពីដីទៅអាកាស, យានយន្តយោធា, ឧបករណ៍ ឬសម្ភារៈសម្រាប់ផលិតគ្រាប់មីស៊ីលបាលី ស្ទីកនិងការទទួលបានបច្ចេកវិទ្យាជឿនលឿនដទៃទៀត»។ លោកបានបន្តថា ប្រការនេះនឹងក្លាយជាភាពស្មុគស្មាញសន្តិសុខដ៏លំបាកមួយសម្រាប់ឧបទ្វីបកូរ៉េនិងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកថែមទៀត»។ យោងតាមកាសែត USA Today, កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កូរ៉េខាងជើងបានដឹកជញ្ជូនឧបករណ៍យោធាចំនួន១ពាន់កុងតេណ័រជាមួយនឹងគ្រាប់រំសេវផ្តល់ទៅឱ្យប្រទេសរុស្ស៊ីដើម្បីការ ធ្វើសង្គ្រាមនាភាគខាងកើតទឹកដី អ៊ុយក្រែន។

នាយកជាន់ខ្ពស់នៃកិច្ចការសន្តិសុខជាតិ លោក Harry Kazianis បាននិយាយថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹងនូវពេលវេលាធ្វើកិច្ចការទាំងនេះ បានដោយមិនបារម្ភចំពោះប្រតិកម្មពីសហរដ្ឋអាមេរិកឡើយ ដោយសារឆ្នាំ២០២៤ សហរដ្ឋអាមេរិកកំពុងតែផ្តោតខ្លាំងលើកិច្ចការបោះឆ្នោតក្នុងស្រុករបស់ខ្លួន។ ក្រៅពី ការទទួលបានការផ្តល់អាវុធមីស៊ីលបាលីស្ទីកពីកូរេខាងជើង, មន្ត្រីសេតវិមាននៅបាន និយាយអំពីការស្វះស្វែងរបស់រុស្ស៊ីក្នុងការរកជំនួយយោធាពីប្រទេសអ៊ីរ៉ង់ថែមទៀត។ អ៊ីរ៉ង់ ត្រូវគេរាយការណ៍ជុំវិញការលក់ Drone ប្រភេទ Shahed ដល់រុស្ស៊ីនិងដ្រូន Shahed នេះត្រូវគេឃើញបានប្រើប្រាស់ជាប្រចាំក្នុងការវាយលុកតាមផ្លូវអាកាសដាក់ លើបណ្តាក្រុងអ៊ុយក្រែន និងលើគោលដៅសមរភូមិភាគខាងកើតអ៊ុយក្រែន។ មន្ត្រីសេតវិមាននិយាយថាក្រៅពីដ្រូន រុស្ស៊ីនៅស្វែងរកការទទួលបានមីស៊ីលបាញ់ រយៈចម្ងាយខ្លីរបស់អ៊ីរ៉ង់ថែមទៀត។

លោក John Kirby បានប្រាប់បណ្តាញសារព័ត៌មានក្នុងសន្និសីទកាសែតថ្ងៃទី៤ មករាថា «យើងបានបញ្ជាក់ជាសាធារណដែរថារុស្ស៊ីកំពុងតែស្វែងរកការទទួលបានមីស៊ីល បាលីស្ទីក រយៈចម្ងាយខ្លីពីប្រទេសអ៊ីរ៉ង់ថែមទៀត។ ប៉ុន្តែ នាពេលនេះយើងមិនទាន់ជឿថាអ៊ីរ៉ង់បានផ្តល់អាវុធមីស៊ីលបាលីស្ទីកទាំងនោះទៅដល់ប្រទេសរុស្ស៊ីឡើយ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមានក្តីបារម្ភថាការចរចារបស់រុស្ស៊ីដើម្បីរកការទទួលបានមីស៊ីបាលីស្ទីករយៈ ចម្ងាយខ្លីពីអ៊ីរ៉ង់នោះកំពុងតែមានដំណើរការទៅមុខ។ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនគិតត្រឹមថ្ងៃសុក្រទី៥ មករា ឆ្នាំ២០២៤ មានរយៈពេល៦៨១ថ្ងៃហើយ។

មេដឹកនាំអ៊ុយក្រែន លោក ហ្សេឡិនស្គី នៅក្នុងសារឆ្នាំថ្មី២០២៤ បានបញ្ជាក់ការប្តេជ្ញារបស់ខ្លួន បន្តការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ីក្នុងស្ថានភាពដែលជំនួយយោធាពីប្លុកអឺរ៉ុប និងពីសហរដ្ឋអាមេរិកកំពុងតែជួបភាពរអាក់រអួល។ លោក ហ្សេលិនស្គី បានថ្លែងនៅក្នុងសារឆ្នាំថ្មីប្តេជ្ញាថា អ៊ុយក្រែននៅក្នុងឆ្នាំ២០២៤ នឹងប្តេជ្ញាផលិតដ្រូនក្នុងស្រុក របស់ខ្លួនឱ្យបានយ៉ាងហោច ១លានគ្រឿងដាក់នៅក្នុងឃ្លាំង ក៏ដូចជាការរំពឹងទទួលបានយន្តហោះចម្បាំង F-16 ដែលឧបត្ថម្ភដោយបណ្ដាប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីការបន្តធ្វើសង្គ្រាមសម្រាប់ឆ្នាំ២០២៤។ សេចក្តីរាយការណ៍ ២៤ម៉ោងចុងក្រោយនេះ បានបង្ហាញថាមានការអំពាវនាវមួយឱ្យប្រទេសសម្ព័ន្ធមិត្តលោកខាងលិចត្រូវបន្ត ជួយអ៊ុយក្រែនដូចជាប្រទេសអាល្លឺម៉ង់ត្រូវជួយផ្តល់អាវុធមីស៊ីល Taurus ដើម្បីផ្តល់លទ្ធភាពជួយអ៊ុយក្រែនក្នុងការប្រយុទ្ធតទល់នឹងរុស្ស៊ីសម្រាប់ឆ្នាំថ្មី ខណៈដែលមាន សេចក្តីរាយការណ៍ថាកូរ៉េខាងជើងបានជួយរុស្ស៊ីនូវអាវុធមីស៊ីលបាលីស្ទីកនោះ។

លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត គ្រោងនឹងលើកបញ្ហានេះនៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារតែទង្វើរបស់កូរ៉េខាងជើងនោះ ត្រូវបានគេចាត់ទុកថាជាអំពើបំពាននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

រូបភាពពី KCNA ដោយ Reuters