(មណ្ឌលគិរី)៖ លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងលោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តមណ្ឌលគិរី​។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី ដោយមានវត្តមានចូលរួមពីសំណាក់​លោក ម៉ែន​ ង៉ុយ ប្រធានក្រុមប្រឹក្សាភិបាល​ ខេត្តមណ្ឌលគិរី​ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ព្រមទាំង លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី​ ថ្នាក់ដឹកនាំ​ មន្ត្រីពាក់ព័ន្ធពីគគ្រប់អង្គភាពក្នុងខេត្ត និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។

ថ្លែងក្នុងឱកាសបិទសន្និបាទនេះ លោក ឈួន វិន បានលើកឡើងថា អង្គសន្និបាតដែលតែងតែបានរៀបចំរៀងរាល់ឆ្នាំ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍មួយ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់បានមកជួបជុំគ្នា និងរួមគ្នាធ្វើការពិនិត្យ វាយតម្លៃលើសមិទ្ធផលលើគ្រប់វិស័យដែលរដ្ឋបាលខេត្តមណ្ឌលគិរីសម្រេចបាន រួមទាំងការវិភាគលើបញ្ហាប្រឈម ពិនិត្យលទ្ធភាពរកដំណោះស្រាយ និងកាលានុវត្តភាព ព្រមទាំងបានដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ឈួន វិន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ សមាជិកសមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អ នៅក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត។

លោករដ្ឋលេខាធិការ បានបន្ថែមថា សមិទ្ធផលដែលក្រសួងស្ថាប័ន ក៏ដូចជារដ្ឋបាលគ្រប់ថ្នាក់សម្រេចបានកន្លងមកនេះ គឺបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងការចាប់ផ្តើមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នេះ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ ឱ្យឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនេះលោកប្រធានក្រុមការងារ បានលើកឡើងថា ដោយឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជារបៀបវារៈនយោបាយដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ពាក់ព័ន្ធនឹងការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លោក ឈួន វិន បានផ្តល់គោលការណ៍ណែនាំ លើកិច្ចការអាទិភាពសំខាន់ៗមួយចំនួនរួមមាន៖ (១)ការការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឱ្យបានរឹងមាំ (២)ការរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង (៣)បន្តជំរុញចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព (៤)បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា (៥)ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក (៦)ពង្រឹង និងលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ (៧)លើកកម្ពស់ការផ្តល់សេវាសាធារណៈ (៨) ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (៩)ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងខេត្ត (១០)ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន (១១)ការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លី (១២)ការចូលរួមអនុវត្តកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល និង (១៣)ការពង្រឹងរបៀបរបបការងារ៕