(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានណែនាំឲ្យក្មួយៗត្រូវបន្តខិតខំប្រឹងប្រែងសិក្សាបន្ថែមទៀត នៅថ្នាក់ឧត្តមសិក្សា ជាពិសេសជំនាញបច្ចេកវិទ្យា និងភាសាបរទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ការលើកឡើងបែបនេះក្នុងឱកាសដែលរូបលោកជំនួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន១០នាក់ ដែលបានប្រារព្ធធ្វើឡើងនៅសាល ប្រជុំអគារ B សាលាខេត្ត ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

លោក ញ៉ែម សំអឿន បានជំរុញ និងលើកទឹកចិត្តដល់ក្មួយៗត្រូវបន្តខិតប្រឹងប្រែងសិក្សារៀនបន្ថែមទៀត នៅថ្នាក់ឧត្តមសិក្សា ជាពិសេសជំនាញបច្ចេកវិទ្យា និងភាសាបរទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ ប្រទេសជាតិ។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខបានដាក់ ចេញយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់ កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស គឺធនធាន​មនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹងជំនាញច្បាស់លាស់។ ដូច្នេះមានតែចំណេះដឹងទេដែលអាចឲ្យក្មួយៗអាចចូលរួមជាមួយរាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចចក្ខុវិស័យ  ប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ញ៉ែម សំអឿន បានកោតសរសើរចំពោះសិស្សានុសិស្សទាំង១០នាក់។ បើទោះបីជាក្មួយៗខ្លះ មានជីវភាពមិនសូវធូរធារក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ បូកផ្សំជាមួយនឹង​ការជំរុញ​បន្ថែម​ពីលោកគ្រូ អ្នកគ្រូ និងមានការលើកទឹកចិត្តពីសំណាក់ឪពុកម្តាយរហូតប្រឡងបាននិទ្ទេស A។

បន្ថែមលើនេះ លោកបានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញលើកទឹកចិត្ត អប់រំកូនក្មួយ ក្នុងការសិក្សារៀនសូត្រ គួបផ្សំ និងការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំឱ្យខិតខំរៀនសូត្រ ទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះ ស្របទៅនិងពាក្យស្លោក «អ្នកចេះគឺជាប់»

នៅក្នុងឱកាសនេះលោកអភិបាលខេត្ត បានជូនរង្វាន់លើកទឹកចិត្តដល់ជ័យលាភីនិទ្ទេស A ទាំង១០នាក់ក្នុង១នាក់ ទទួលបានថវិកា៣០មុឺនរៀល និងកុំព្យូទ័រយួរដៃម្នាក់ ១គ្រឿង។ ជូនវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ២លានរៀល,ជូនមជ្ឈមណ្ឌលសាលារៀនគ្រូយើង ១លានរៀល, ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តសម្រាប់ដឹកសិស្សទៅសំណេះសំណាលនៅភ្នំពេញ ១លានរៀល។ ដោយឡែកលោក ឌុច ចាន់តូ អភិបាលរងខេត្ត ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់ជ័យលាភីទាំង១០នាក់ ក្នុង១នាក់១០ម៉ឺនរៀលផងដែរ។

បើតាមការលើកឡើងពីលោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានឲ្យដឹងថា សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៦ វិច្ឆិកា ឆ្នាំ២០២៣នៅទូទាំង ខេត្តរតនគិរីមានចំនួន១,៣៩៣នាក់ ស្នើ នឹង៧៥,២៦% ក្នុងនោះស្រី (៨០,០២%)។

ប្រឡងជាប់និទ្ទេស A ចំនួន ១០នាក់ និទ្ទេស B ចំនួន ៤២នាក់ និទ្ទេស C ចំនួន ២៣២នាក់ និទ្ទេស D ចំនួន ៥៨៦នាក់ និទ្ទេស E ចំនួន ៥២៣នាក់ និងសិស្សានុសិស្សជាជនជាតិដើមភាគតិចចំនួន ៦០៩នាក់ផងដែរ៕