(កំពង់ធំ)៖ ១សប្ដាហ៍មកនេះ ប្រជាកសិករនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានជួបបញ្ហាខ្វះទឹកស្រោចស្រពដីកសិកម្ម ខណៈដែលរដូវធ្វើស្រូវប្រាំង ស្រូវប្រដេញកំពុងប្រព្រឹត្តទៅ ដូច្នេះហើយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានចុះពិនិត្យនៅលើផ្ទៃដីជាក់ស្ដែង និងប្រមូលព័ត៌មានពីប្រជាកសិករដល់ដីស្រែដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយបញ្ហាទឹកជូនឱ្យបានទាន់ពេល ខណៈមកទល់នឹងពេលនេះដីស្រែប្រមាណជាង៥០០ហិកតា និងឪឡឹក៨០ហិកតាទៀតលែងខ្វះទឹកស្រោចស្រពទៀតហើយ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានឱ្យដឹងថា អំឡុងពេល១សប្ដាហ៍មកនេះ ប្រជាកសិករក្នុងស្រុកតាំងគោកបានជួបបញ្ហាខ្វះទឹក បញ្ចូលស្រែស្រូវ ដូច្នេះហើយលោកបានដឹកនាំក្រុមមន្ត្រីចុះទៅដល់ស្រែនិងជួបកសិករដោយផ្ទាល់ ដើម្បីពិនិត្យស្ថានភាពស្រែស្រូវ ប្រព័ន្ធបង្ហូរទឹក ប្រមូលមុខព្រួញបញ្ហា ក៏ដូចជារកដំណោះស្រាយឱ្យបានទាន់ពេលជូនប្រជាពលរដ្ឋ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ផ្ទៃដីដែលខ្វះខាតទឹកនោះមានចំនួនសរុប៥០០ហិកតា ស្ថិតនៅភូមិសាស្ត្រឃុំពង្រ ស្រុកតាំងគោក។ ក្នុងនាមជាអាជ្ញាធរថ្នាក់ក្រោម លោកក៏បានរាយការណ៍នូវបញ្ហាទាំងនេះជូនទៅលោកអភិបាលខេត្តកំពង់ធំ ងួន រតនៈ ព្រមទាំងទទួលបានអនុសាសន៍ឱ្យចាត់ចែងដោះស្រាយកិច្ចការនេះជាបន្ទាន់ ដើម្បីកុំឱ្យស្រូវរបស់ប្រជាកសិកររងការខូចខាត់ធ្ងន់ធ្ងរ។

បន្ទាប់ពីក្ដាប់បញ្ហាគ្រប់ជ្រុងហើយ លោកអភិបាលស្រុក ហាក់ ម៉ុងហួត រួមនឹងមន្ត្រីជំនាញកសិកម្ម មន្ត្រីជំនាញធនធានទឹក កម្លាំងសមត្ថកិច្ច អាជ្ញាធរភូមិ/ឃុំបានសាមគ្គីគ្នាចុះដោះស្រាយចំពោះកិច្ចការនេះប្រកបដោយការយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋ ដោយចំណុចខ្លះក៏ត្រូវស្នើសុំការសម្របសម្រួលរកប្រភពទឹកឆ្លងឃុំ ឆ្លងស្រុក ឆ្លងខេត្ត ដើម្បីបញ្ចូនទឹកឱ្យមកដល់ផ្ទៃដីកសិកម្មក្នុងស្រុកតាំងគោក។

លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានលើកឡើងពីសកម្មភាពដោះស្រាយបញ្ហា និងការចុះត្រួតពិនិត្យឡើងវិញ ក្នុងនោះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ លោកបានដឹកនាំសហការីចុះពិនិត្យស្ថានភាពទឹកនៅអាងស្ទុកទឹកសម្តេចតេជោ ហ៊ុន សែន ទន្លេជុំ ដែលស្ថិតនៅភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ពេញមួយថ្ងៃ លោក ហាក់ ម៉ុងហួត និងសហការីបានចុះពិនិត្យមើលស្ថានភាពទឹកស្រោចស្រពស្រែស្រូវ និងដំណាំរួមផ្សំដទៃទៀតរបស់ប្រជាកសិករនៅភូមិសាស្ត្រឃុំស្រឡៅ និងឃុំពង្រ ស្រុកតាំងគោក ដោយបានរួមគ្នារិះរកមធ្យោបាយដោះស្រាយកង្វះទឹកស្រោចស្រព។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ លោកអភិបាលស្រុក និងសហការីបានចុះពិនិត្យមើលរំហូរទឹកសម្រាប់ស្រោចស្រពដំណាំស្រូវនៅតំបន់ត្រើងត្រើ នៃភូមិសាស្ត្រឃុំពង្រ ក្រោយពីបានចាត់ចែងអន្តរាគមន៍ដោះស្រាយរួចហើយកន្លងមក។

មកដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោកអភិបាលស្រុក ហាក់ ម៉ុងហួត នៅតែបន្តចុះទៅមើលស្ថានភាពបង្កបង្កើនផលរបស់ប្រជាកសិករឡើងវិញ គឺនៅតំបន់អូរលួ ក្នុងភូមិសាស្ត្រឃុំទ្រៀល និងថែមទាំងបានសម្របសម្រួលអន្តរាគមន៍រកទឹកស្រោចស្រពជូនប្រជាកសិករបន្ថែមដែរ។

ទន្ទឹមនឹងការចុះដោះស្រាយបញ្ហាទឹកស្រោចស្រពជូនប្រជាកសិករនេះ លោកអភិបាលស្រុកតាំងគោកក៏បានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ងួន រតនៈ ដែលតែងយកចិត្តទុកដាក់ និងផ្ដល់ការណែនាំដល់អាជ្ញាធរថ្នាក់ក្រោម។ លោកក៏បានមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងសហការីទាំងអស់ ដែលបានពុះពារគ្រប់ការលំបាក សម្របសម្រួល ស្វះស្វែងរកប្រភពទឹកឆ្លងឃុំ ឆ្លងស្រុក ឆ្លងខេត្ត ដើម្បីធ្វើយ៉ាងណាបញ្ជូនទឹកមកដល់ស្រែស្រូវរបស់ប្រជាកសិករបានសម្រេចជាបន្តបន្ទាប់។

ប្រជាពលរដ្ឋក្នុងស្រែមានក្ដីសប្បាយរីករាយយ៉ាងខ្លាំងចំពោះកិច្ចអន្តរាគមន៍ទាន់ពេលរបស់អាជ្ញាធរស្រុក ពិសេសក្រោមការដឹកនាំដោះស្រាយរបស់លោកអភិបាលស្រុក ហាក់ ម៉ុងហួត ដែលជួយឱ្យស្រែស្រូវរបស់ពួកគាត់មានទឹកបង្ហូរចូលឡើងវិញ សង្គ្រោះស្រូវនិងដំណាំផ្សេងៗទៀតបានទាន់ពេល។ ក្នុងនាមជាអាជ្ញាធរថ្នាក់ស្រុក លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់ប្រជាកសិករក្នុងស្រុកដែលបានរួមគ្នា ចែករំលែកគ្នា ទើបធ្វើឱ្យការដោះស្រាយបញ្ហារួមនេះសម្រេចបាន បន្សាបនូវក្ដីបារម្ភទាំងឡាយរបស់ប្រជាកសិករ៕