(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន Smart Axiata ដើម្បីផ្តល់អាហារូបករណ៍៣០កន្លែង ដល់សិស្សពូកែប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប)។
កិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Smart នឹងផ្តល់អាហារូបករណ៍ជូនសិស្ស ប្រឡងជាប់និទ្ទេស A និងB ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨ ដោយក្នុង១ឆ្នាំៗ ផ្តល់ជូនសិស្សចំនួន១០នាក់ ហើយពួកគេ នឹងទទួលបានការសិក្សារយៈពេល៤ឆ្នាំពេញ។
លោក ហង់ ជូនណារ៉ុន បានថ្លែងថា ការចុះហេត្ថលេខា ទៅលើអនុស្សរណៈយោគយល់គ្នានេះធ្វើឡើង ដើម្បីផ្ដល់ជូននូវអាហារូបករណ៍ ដល់សិស្សកម្ពុជា ដែលរៀនពូកែ និងទទួលបាននិទ្ទេស A និង B ក្នុង១ឆ្នាំ១០នាក់ សិក្សារយៈពេល៤ឆ្នាំពេញ អាហារូបករណ៍ ដែលពួកគេទទួលបានរួមមានថ្លៃ សិក្សាចំនួន៥០០ដុល្លារ ថ្លៃស្នាក់នៅក្នុង១ខែចំនួន២០០ដុល្លារ ហើយការផ្ដល់ជូនទាំងនេះ គឺអាចជួយទៅដល់និស្សិតកម្ពុជា ដែលរៀនពូកែ តែមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្ដការសិក្សានៅឧត្តមសិក្សា។
លោកបន្តថា នេះគឺជាឱកាសល្អថ្មីមួយ ដែលអាចឲ្យនិស្សិតបញ្ចប់ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានលទ្ធិភាពរៀនបន្ដទៀត។
លោក ថូម៉ាស ហ៊ុន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Smart បានថ្លែងថា លោកមានកិត្តិយសណាស់ ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការផ្ដល់ឱកាស ឲ្យនិស្សិក្រីក្រកម្ពុជា ទទួលបាននូវអាហារូបករណ៍នេះ ដោយសារតែអាហារូបករណ៍ នឹងអនុញ្ញាតិឲ្យនិស្សិតក្រីក្រ អាចទទួលបានការអប់រំ ហើយការអប់រំនេះសំខាន់ណាស់ ក្នុងការជួយកែប្រែនូវជោគវាសនារបស់និស្សិតយើង ជាពិសេសនិស្សិត ដែលមកពីបណ្ដាលខេត្ត គ្មានលទ្ធិភាពបន្ដការសិក្សា ដូច្នេះការផ្ដល់អារូបករណ៍នេះ មានចំនួន១៥០០០ដុល្លារសហរដ្ឋអាមេរិក សរុបមកម្នាក់ៗអាចទទួលបាន២៥០០ដុល្លារក្នុង១ឆ្នាំ។
សូមជម្រាបថា កម្មវិធីអាហាររូបករណ៍នេះ នឹងបើកដំណើរការនៅពាក់កណ្ដាល ខែកញ្ញា ឆ្នាំ២០១៦។ សិស្សដែលមានសិទ្ធិទទួលបាន នូវអាហារូបករណ៍នេះ គឺត្រូវតែជាសិស្សដែលប្រឡងក្នុងសម័យប្រឡងចុងក្រោយ ហើយទទួលបាននិទ្ទេស A ឬ B៕