(តាកែវ)៖ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី តំណាងលោកអភិបាលស្រុក រួមដំណើរជាមួយដោយលោក ជា សម្បត្តិ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក លោកមេឃុំគោកធ្លក និងសហការី សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក នៅព្រឹកថ្ងៃទី០៥ ខែកមរា ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពលំនៅដ្ឋានរបស់លោក ណុប សុខខែម អាយុ៣៦ឆ្នាំ ដែលពិការ និង​ត្រូវជាឪពុករបស់លោក សុខខែម សុភត្ត្រា អាយុ ១២ឆ្នាំ រស់នៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី។

ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក ថ្នាក់ដឹកនាំឃុំ បានយកចិត្តទុកដាក់ចុះជួយឧបត្ថម្ភ ជាបន្តបន្ទាប់ជូនដល់គ្រួសារលោក ណុប សុខខែម។ ក្រុមការងារបានចុះពិនិត្យផ្ទាល់ ពីស្ថានភាពលំនៅដ្ឋានរបស់លោក ណុប សុខខែម ដែលមានលក្ខណៈទ្រុឌទ្រោមត្រូវការជួសជុលឡើងវិញ ដើម្បីជួយសម្រួលដល់ការស្នាក់នៅបានសមរម្យ។

សូមជម្រាបថា កន្លងទៅនេះ លោក ឈឹម ធី រួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី ក្រុមប្រឹក្សាឃុំ និងព្រះចៅអធិការវត្តភ្នំដា បានផ្តល់អំណោយ ដល់លោក ណុប សុខខែម ផងដែរ រួមមាន៖ អង្ករ៧០គីឡូក្រាម មី ៣កេសទឹកបរិសុទ្ធវីតាល់២កេស ទឹកបរិសុទ្ធ២០យួរសម្ភារផ្ទះបាយមួយឈុត ទឹកត្រី ទឹកស៊ីអ៉ីវ ប៊ីចេង អំបិល ស្ករស និងថវិកា ៥០០ ០០០រៀល៕