(កែប)៖ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារលើគ្រប់វិស័យប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ខ្លួន ក្រោមអធិបតី លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ថ្លែងបើកអង្គសន្និបាត នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បញ្ជាក់ថា សន្និបាតនាពេលនេះ មានគោលបំណងធ្វើការងារផ្សព្វផ្សាយនូវសមិទ្ធផល និងលទ្ធផល នៃការអនុវត្តតួនាទីភារកិច្ច របស់រដ្ឋបាលខេត្ត ធៀបនិងផែនការប្រចាំឆ្នាំ ព្រមទាំងឆ្លុះបញ្ចាំងចំណុចខ្លាំង ខ្សោយ និងបញ្ហាប្រឈមដែលបានជួបប្រទះ នាឆ្នាំកន្លងមក និងពិភាក្សាដាក់ចេញនូវទិសដៅអាទិភាពនានា សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤នេះ ដើម្បីឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានអោយកាន់តែប្រសើរឡើង។
ជាមួយ និងការយកចិត្តទុកដាក់អនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈកម្មវិធីជាតិសម្រាប់ការអភិវឌ្ឈតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី២ (២០២១-២០៣០) ដោយបានបង្កលក្ខណៈសម្បត្តិដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មានលទ្ធភាពផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់មន្ទីរ អង្គភាព មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ រហូតទទួលបានសមិទ្ធផលជាវិជ្ជមានល្អប្រសើរ។
សូមបញ្ជាក់ថា អង្គសន្និបាតប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃពេញគឺថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០២៤ ជាមួយនិងការធ្វើបទអន្តរាគមន៍ពីអង្គភាពសំខាន់ៗចំនួន៥ គឺស្នងការដ្ឋាននគរបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលក្រុងកែប ព្រមទាំងបែងចែកក្រុមពិភាក្សាជា៥ក្រុម លើប្រធានបទសំខាន់ៗចំនួន៥ រួមមាន៖
*ប្រធានបទទី១៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» និងការទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លងគ្រប់ប្រភេទ
*ប្រធានបទទី២៖ ការផ្តល់សេវាជូនប្រជាពលរដ្ឋ (ច្រកចេញ ចូលតែមួយ ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សេវាសុខាភិបាល និងសេវាអត្តសញ្ញាណកម្ម)
*ប្រធានបទទី៣៖ ការពង្រឹងស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យា
*ប្រធានបទទី៤៖ ការងារអភិវឌ្ឍខេត្ត និងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្ត
*ប្រធានបទទី៥៖ ការគ្រប់គ្រងដីធ្លី ការគ្រប់គ្រងគ្រោះមហន្តរាយ ប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ៕