(រតនគិរី)៖ ប្រជាកសិករនៅខេត្តរតនគិរី កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមីរបស់ខ្លួន នៅដើមខែមករា ដើម្បីលក់ឲ្យឈ្មួញ ខណៈតម្លៃនៅដើមឆ្នាំ២០២៤នេះ លក់នៅទីផ្សារប្រទេសវៀតណាមសមរម្យប្រសើរជាងឆ្នាំមុន។

ជាក់ស្តែងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ កម្មករ១ក្រុមកំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមី គឺធ្វើការយកកម្រៃពលកម្មឲ្យម្ចាស់ចំការ១កន្លែងមានទីតាំងខាងលើ។

កម្មករ មាន មឿន និងប្រពន្ធ អាត ស្រីណាត បានរៀបរាប់ថា ពួកគាត់មានស្រុកកំណើតនៅនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានមកធ្វើកម្មករឲ្យម្ចាស់ចំការយកកម្រៃពលកម្មក្នុង១ថ្ងៃម្នាក់ទទួលបាន ៣-៤ម៉ឺនរៀល បាយខ្លួនឯង។

ពួកគាត់បន្តថា តម្លៃពលកម្មនេះ អាចទ្រទ្រង់ជីវភាពគ្រួសារ ដោយបានមិនបាច់ធ្វើចំណាកស្រុក គឺធ្វើការយ៉ាងមមាញឹកក្នុងការគាស់ កាប់ ហាល ច្រកបេដើម្បីយកទុកលក់ឲ្យឈ្មួញដោយទឹកមុខសប្បាយរីករាយ។

ជួបជាមួយកសិករម្នាក់ទៀតឈ្មោះ ក្លាន វ៉យ ជនជាតិចារ៉ាយជាម្ចាស់ចំការ បានរៀបរាប់ឲ្យដឹងថា ជារៀងរាល់ឆ្នាំគាត់ចាប់ផ្តើមតាំងពីដាំរហូតបានផល គឺជួលកម្លាំងពលកម្មមកក្រៅ។ គាត់ថា ចំការដំឡូងមី ដែលកំពុងគាស់ កោស ហាលនេះមានផ្ទៃដីប្រហែល៥ហិកតា ហើយផលដំឡូងមីឆ្នាំនេះ បានទិន្នផលច្រើនជាងឆ្នាំមុន គឺក្នុង១ហិកតាបានប្រមាណ៣០តោនដំឡូងមីពូជ (៨១) និងដំឡូងមីធម្មតាទទួលទិន្នផលក្នុង ១ហិកតា១៥តោន។ បើធៀបនឹងការចំណាយផ្សេងៗឃើញថា សល់លុយចំណេញខ្លះសម្រាប់ដោះស្រាយជីវភាព។

ម្ចាស់សាយឡូនៅទីរួមស្រុកអូរយ៉ាដាវ (ស្តង់ទិញដំឡូងមីលក់បន្ត) ឈ្មោះ ហន ចយ បានប្រាប់ឲ្យដឹងថា ពួកគាត់បានប្រមូលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាម តម្លៃ៤៦០រៀលក្នុង១គីឡូក្រាមកាត់ (១៥%) ដឹកទៅលក់នៅប្រទេសវៀតណាមបានតម្លៃ (៥០០-៥០៥រៀល) ប៉ុន្តែឈ្មួញវៀតណាមកាត់ (១៨%) ទៅតាមប្រភេទដំឡូងមី (ឫស ដី ឫកាកសំណល់ផ្សេងៗ)។

រីឯដំឡូងមីស្ងួតតម្លៃក្នុង១គីឡូក្រាម៨៩០រៀល ទីផ្សារនៅប្រទេសវៀតណាម (ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់) ដោយមានការសម្របសម្រួលពីសមត្ថកិច្ចប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវផងដែរ។

លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ថា ផ្ទៃដីដាំដុះដំឡូងមីទូទាំងខេត្តមានចំនួនសរុប ១៨,៣៧០ហិកតា ហើយមកដល់ពេលនេះប្រជាកសិករ ចាប់ផ្តើមប្រមូលផលប្រហែល៥០%ហើយ។

លោកថា នៅស្រុកអូរយ៉ាដាវមានរោងចក្រម្សៅមីា​ជា ទូច ដ៏ធំដោយទទួលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាម៤៨០រៀល (កាត់២១% ទៅលើឫស ដី កាកសំណល់ផ្សេងៗ)៕