(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្រោយកាប់ និងចាក់ជនរងគ្រោះ៥នាក់ បណ្តាលរងរបួសធ្ងន់ ព្រោះរឿងរត់ផាសអាប់ដណ្តើមម៉ូយគ្នានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យទាំង៥នាក់ រួមមាន៖

*ទី១៖ ឈ្មោះ លី ពៅ អាយុ៤៨ឆ្នាំ
*ទី២៖ ឈ្មោះ សោ ភារ៉ា អាយុ៣៣ឆ្នាំ
*ទី៣៖ ឈ្មោះ សោ ភារៈ អាយុ២៩ឆ្នាំ
*ទី៤៖ ឈ្មោះ សោ ភារិទ្ធ អាយុ២៧ឆ្នាំ
*ទី៥៖ ឈ្មោះ សោ ភារ៉ូន អាយុ២៤ឆ្នាំ រស់នៅភូមិសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ោយ។

លោកបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានករណីហិង្សាដោយជនសង្ស័យ១ក្រុម បានជិះរថយន្តម៉ាកលុចស៊ីស GS-300 ពាក់ផ្លាកលេខ ភ្នំពេញ 2U-8866 បើកបរដោយឈ្មោះ លី ពៅ បានដឹកជនបង្ក និងមានផាសអាប់បានធ្វើសកម្មភាពដេញកាប់ចាក់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ (២ដាក់របួសធ្ងន់ ចំដៃទាំងសងខាង និងម្នាក់ទៀតចំ ក្បាល) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តបាត់ដំបង។

លោកវរ់សេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រោយជនសង្ស័យធ្វើសកម្មភាព, កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ និងឃាត់ខ្លួនក្រុមបង្ក៥នាក់ ព្រមទាំងដកហូតរថយន្ត១គ្រឿង ផាសអាប់៤គ្រឿង និងកាំបិត១។ ដោយឡែកបក្ខពួកជនបង្ក៤នាក់ កំពុងរត់គេចខ្លួន ខណៈកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់បន្តទៀត៕