(ភ្នំពេញ)៖ បណ្តាក្រុមហ៊ុននាំចេញកសិផល របស់បងប្អូនប្រជាពលរដ្ឋខ្មែរ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងជួបបញ្ហាធំ ជាមួយនឹងការនាំចេញ ទៅកាន់ប្រទេសថៃមិនបាន ព្រោះតែវិញ្ញាបនបត្រសម្គាល់ប្រភពដើមទំនិញ (CO) របស់ក្រសួងពាណិជ្ជកម្ម ដែលមានមន្ត្រីទទួលបន្ទុកលើកិច្ចការនេះ មិនព្រមដោះស្រាយ។
បណ្តាក្រុមហ៊ុននាំចេញ កសិផលរបស់ខ្មែរ ដែលកំពុងជួបបញ្ហានេះ បានសំណូមពរឲ្យ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយដោះស្រាយបញ្ហា CO នេះជាបន្ទាន់ផង ព្រោះបើមិនដូច្នេះទេ កសិកផលរបស់បងប្អូន នឹងត្រូវបោះបង់ចោលគ្មានទីផ្សារនោះឡើយ។
ក្រុមហ៊ុននាំចេញកសិផល នៅតាមព្រំដែនថៃមួយចំនួន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៥ ខែសីហានេះថា បញ្ហាវិញ្ញាបនបត្រសម្គាល់ប្រភពដើមទំនិញ (CO) នេះ កើតឡើងដោយសារគំរូហត្ថលេខា របស់លោក ម៉ក់ ឧសភា ដែលជាអគ្គនាយករង ទទួលបន្ទុកចេញ CO អាស៊ាន នៅក្រសួងពាណិជ្ជកម្ម មិនត្រូវគ្នានឹងគំរូហត្ថលេខា CO ដែលក្រសួងពាណិជ្ជកម្មកម្ពុជា ផ្ញើទៅកាន់ក្រសួងពាណិជ្ជកម្មថៃ ។ ដោយសារគំរូហត្ថលេខា មិនត្រូវគ្នានេះហើយ ទើបមន្ត្រីគយថៃ មិនយល់ទទួលស្គាល់នូវហត្ថលេខានេះ និងមិនអនុញ្ញាតឲ្យទំនិញកសិផលកម្ពុជា នាំចូលបានឡើយ។
បណ្តាក្រុមហ៊ុននាំចេញទាំងនោះ បានប្រាប់អង្គភាព Fresh News ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា បញ្ហាជាប់គាំងកសិផលខ្មែរនេះ កើតឡើងប្រមាណជា ១០ថ្ងៃមកហើយ គឺកសិផលដែលមានដូចជាដំឡូងមី និងពោតជាដើម មិនអាចនាំចេញបានទេ ព្រោះគយថៃ មិនយល់ព្រមឲ្យចេញ ដោយសារគំរូហត្ថលេខា របស់លោក ម៉ក់ ឧសភា មិនដូចនឹងហត្ថលេខា ក្នុងឯកសារដែលកម្កល់នៅថៃ។
បណ្តាលក្រុមហ៊ុនទាំងនោះ បានឲ្យដឹងទៀតថា នៅពេលជួបបញ្ហានេះ ក្រុមហ៊ុនទាំងអស់បានស្វែងរក ការដោះស្រាយជាមួយ លោក ម៉ក់ ឧសភា ប៉ុន្តែមិនមានដំណោះស្រាយសមស្របទេ ដោយលោក ម៉ក់ ឧសភា ប្រាប់ថា «គាត់ស៊ីញ៉េ តែអីចឹង»។
ក្រុមហ៊ុនបានបង្ហើបឲ្យដឹងថា មិនត្រឹមតែការចេញ CO យឺតយ៉ាវទេ តម្លៃ CO ក៏ឡើងថ្លៃដែរ តម្លៃ CO កាលពីលោក ស៊ុន ចាន់ថុល ធ្វើជារដ្ឋមន្ត្រី ត្រឹមតែ ៦ដុល្លារប៉ុណ្ណោះ ឥឡូវឡើងថ្លៃដល់២០ដុល្លារ។
យ៉ាងណាក៏ដោយក្រុមហ៊ុននាំចេញកសិផល របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងនោះ ទទូចសុំឲ្យលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជួយដោះស្រាយបញ្ហានេះ ឲ្យបានលឿនផង និងដំណោះស្រាយបន្ទាន់ស្នើឲ្យលោក ម៉ក់ ឧសភា ចុះហត្ថលេខាគំរូថ្មីផ្ញើទៅក្រសួងពាណិជ្ជកម្មថៃ ដើម្បីឲ្យគយថៃយល់ព្រមអនុញ្ញតឲ្យនាំចូលទំនិញកសិផលខ្មែរ ព្រោះនៅសល់តែ១សប្តាហ៍ទៀតទេ ប្រទេសថៃនឹងបិទផ្សារពោតហើយ ព្រោះកសិកររបស់គេចាប់ផ្តើមប្រមូលផលដែរ ដូច្នេះគេត្រូវការទិញរបស់កសិករឲ្យអស់សិន ទើបទិញរបស់យើងក្រោយ។
ពាក់ព័ន្ធករណីនេះ អង្គភាព Fresh News មិនទាន់សុំការបំភ្លឺពី លោក ម៉ក់ ឧសភា បាននៅឡើយនោះទេ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៦នេះ៕