(មណ្ឌលគិរី)៖ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បច្ចុប្បន្ននេះការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញ បានសម្រេចការងារក្រាលកៅស៊ូ DBST ប្រវែង ៤២៥ម បានលទ្ធផល១០០% និងបានបើកឱ្យធ្វើចរាចរណ៍ សម្រាប់រថយន្តគ្រប់ប្រភេទវិញបានហើយ។

គួររំលឹកដែរថា ផ្លូវជាតិលេខ៧៦ (ស្នួល - សែនមនោរម្យ) មានប្រវែង ១២៧គីឡូម៉ែត្រ ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១ ដែលចំណាយថវិកាសាងសង់ចំនួន ៥១ ៩០០ ០០០ដុល្លារអាមេរិក។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២។ គិតចាប់ពីពេលស្ថាបនារួចមក មានរយៈពេលជាង១២ឆ្នាំ ផ្លូវជាតិលេខ៧៦នេះ មិនធ្លាប់មានការខូចខាត ដែលតម្រូវឱ្យមានការជួសជុលម្តងណាទេ ហើយតែងតែទទួលបានការថែទាំជាប្រចាំរហូតមក ដោយមន្ទីរជំនាញ។

គួរម្លឹកផងដែរថា នៅយប់ថ្ងៃទី០១ សីហា ២០២៣ កំណាត់ផ្លូវជាតិខាងលើ នៅត្រង់ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារការរអិលបាក់ដី ចន្លោះ PK94+080 – PK94+150 និងបន្តមានស្នាមប្រេះបន្ថែមនៅថ្ងៃបន្ទាប់ ដែលសរុបការខូចខាតមានប្រវែង១៦៦ម៉ែត្រ (រអិលបាក់ដី ៧០ម និងស្នាមប្រេះ៩៦ម)៕