(សៀមរាប)៖ ចាប់ពីពេលនេះតទៅ ភ្នាក់ងារទេសចរណ៍ដែលឈរជើង តាមទីតាំងប្រាសាទផ្សេងៗ នឹងមានកញ្ចប់សង្គ្រោះបឋម ជាប់តាមខ្លួនជាប្រចាំ ដែលកញ្ចប់សង្គ្រោះបឋមនេះ ទុកសម្រាប់ប្រើប្រាស់ ជួយដល់ភ្ញៀវទេសចរ ដែលមានជំងឺដង្កាត់តិចតួច ឬប៉ះទង្គិចផ្សេងៗ ក្នុងការទស្សនាទេសចរនៅតំបន់អង្គរ។
តាមការអះអាងរបស់អាជ្ញាធរអប្សរា បានឱ្យដឹងថា ក្នុងកញ្ចប់នេះមានសម្ភារៈសំខាន់ៗមួយចំនួនដូចជា ប្រេងខ្យល់ ប្រេងកូឡា ថ្នាំបេតាឌីន កុំប្រេស បង់បិទដំបៅ បង់រុំរបួស ស្រោមដៃ និងកន្ត្រៃជាដើម។
លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍និងគ្រប់គ្រងទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរាបានចុះផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នេះថា ការបំពាក់កាបូបសង្គ្រោះបឋមតាមខ្លួនដល់ភ្នាក់ងារទេសចរណ៍គ្រប់រូប ដែលឈរជើងតាមប្រាសាទក្នុងតំបន់អង្គរ គឺដើម្បីឱ្យភ្នាក់ងារទាំងអស់អាចជួយសង្គ្រោះភ្ញៀវបាន ទាន់ពេលវេលា ពេលភ្ញៀវទេសចរ មានបញ្ហាសុខភាពដូចជា ខ្យល់គរ វិលមុខ ឈឺក្បាល ថ្លោះ គ្រិចដៃជើង ឬរងរបួសស្រាលដោយប្រការណាមួយខណៈកំពុងទស្សនា។
ភ្ញៀវទេសចរជាច្រើន ក៏បានសម្តែងភាពសប្បាយរីករាយ នៅពេលដែលពួកគាត់ មានបញ្ហាហើយត្រូវបានភ្នាក់ងារទេសចរ នៃអាជ្ញាធរជាតិអប្សរា ជួយពួកគាត់បានទាន់ពេលវេលា។នេះជាសេវាកម្មមួយថ្មីបន្ថែមទៀត ដែលអាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរ ដែលមកទស្សនារមណីយដ្ឋានអង្គរ។
គួររំម្លឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ អាជ្ញាធរជាតិអប្សរាក៏បាន សហការជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មកពីសហរដ្ឋអាមេរិក បណ្តុះបណ្តាលវិធីសង្គ្រោះបឋម ដល់ភ្នាក់ងារទេសចរ នគរបាលការពារបេតិកភណ្ឌ និងនគរបាលទេសចរ ដែលជាស្ថាប័នពាក់ព័ន្ធ ជាមួយនឹងដំណើរទស្សនារបស់ភ្ញៀវផងដែរ។
សូមបញ្ជាក់ថា ភ្នាក់ងារទេសចរណ៍ដែលឈរជើងជាប្រចាំនៅតាមប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរសព្វថ្ងៃមានចំនួន៤១៣នាក់។ ភ្នាក់ងារទាំងអស់មាន ភារកិច្ចសំខាន់ ក្នុងការសម្របសម្រួល លំហូរភ្ញៀវទេសចរនៅក្នុងប្រាសាទ ការពារប្រាសាទពីការប៉ះពាល់ របស់ភ្ញៀវជាប្រចាំ ជំរុញឲ្យភ្ញៀវទេសចរគោរព តាមក្រមប្រតិបត្តិអង្គរ ការជួយសម្រួលភ្ញៀវ ក្នុងករណីបាត់បង់សម្ភារៈ ជាពិសេសគឺជួយសង្រ្គោះភ្ញៀវ ដែលជួបនឹងគ្រោះថ្នាក់ផ្សេងៗ៕