(ក្រចេះ)៖ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងលោក គាត ឈន់ នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាវិទ្យាល័យសិលាវេទីគាត ឈន់ និងបាននាំយកម៉ូតូប្រគល់ជូនសិស្សប្រឡងជាប់និទ្ទេស A ចំនួន៦នាក់ ក្នុងម្នាក់ទទួលបាន១គ្រឿង។

ជាមួយគ្នានោះ លោក ឆាន់ សាផាន ក៏បានប្រគល់ថវិកាលើកទឹកចិត្តដល់សិស្សជាប់និទ្ទេស B ក្នុងម្នាក់៤០ម៉ឺនរៀល និទ្ទេស C ក្នុងម្នាក់៣០ម៉ឺនរៀល និទ្ទេស D ម្នាក់២០ម៉ឺនរៀល និងនិទ្ទេស E ម្នាក់១០ម៉ឺនរៀល និងឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូចំនួន៤៩នាក់ក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀលផងដែរ។

លោក ឆាន់ សាផាន់ បានជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សដែលបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ត្រូវបន្តខិតខំសិក្សាក្រេបជញ្ជក់យកចំណេះដឹង ដើម្បីអភិវឌ្ឍប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍប្រទេសជាតិ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣កន្លងទៅ ខេត្តក្រចេះមានបេក្ខជនប្រឡងចំនួន២,៣០៦នាក់ ស្រី១,២៩០នាក់ សិស្សប្រឡងជាប់ចំនួន១,៦៥៥នាក់ ស្រី៩៩៨នាក់ ក្នុងនោះនិទ្ទេស A មាន៣៥នាក់ ស្រី២៦នាក់ និទ្ទេស B មាន១៣៧នាក់ ស្រី៩០នាក់ និទ្ទេស C មាន៣០០នាក់ ស្រី១៨៧នាក់ និទ្ទេស D មាន៥៧០នាក់ ស្រី៣៥៨នាក់ និទ្ទេស E មាន៦១៣នាក់ ស្រី៣៣៧នាក់។

ដោយឡែក សិស្សនៅវិទ្យាល័យសិលាវេទី គាត ឈន់ ប្រឡងជាប់ចំនួន១៩៧នាក់ ស្រី១៣០នាក់ ក្នុងនោះនិទ្ទេស A មាន៦នាក់ ស្រី៤នាក់ និទ្ទេស Bមាន៣០នាក់ ស្រី២១នាក់ និទ្ទេស C មាន៣១នាក់ ស្រី២២នាក់ និទ្ទេស D មាន៣២នាក់ ស្រី២៣នាក់ និងនិទ្ទេស E មាន៣៧នាក់ ស្រី២៣នាក់៕