(កណ្ដាល)៖ ដោយសារឆ្លងចរន្តអគ្គិសនីចេញពីខ្សែភ្លើងទូទឹកកក បានបង្កឱ្យមានអគ្គិភ័យឆេះផ្ទះទាំងស្រុង១ខ្នង ខណៈ២ខ្នងទៀតរងការខូចខាតផ្នែកមួយចំនួន ស្ថិតនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។

តាមប្រភពព័ត៌មានបានឱ្យដឹងថា អគ្គិភ័យនេះកើតចេញពីផ្ទះរបស់ពលរដ្ឋឈ្មោះ ឡាច ជរ ដោយសារឆ្លងចរន្តអគ្គិសនីចេញពីខ្សែភ្លើងទូទឹកកក ដែលធ្វើឱ្យផ្ទះឈើដំបូលស័ង្កសីមួយនេះត្រូវឆេះទាំងស្រុង ព្រមទាំងខូចខាតសម្ភារៈក្នុងផ្ទះ ឆេះទាំងប្រាក់រៀល២០លានរៀលទៀត សរុបការខូចខាតគិតជាទឹកប្រាក់ប្រហែលជា៣០ម៉ឺនដុល្លារ។ ការឆាបឆេះនេះបានបន្តរាលដាលដល់ផ្ទះរបស់ពលរដ្ឋឈ្មោះ ហាំង សេងហុង ដែលនៅជាប់គ្នា ត្រូវខូចខាតពិដានចំហៀងខាងត្បូងប្រវែង១៥ម៉ែត្រ និងផ្ទះរបស់ពលរដ្ឋឈ្មោះ ឡុង នី ដែលនៅជាប់គ្នាដែរ ត្រូវខូចខាតជញ្ជាំងស័ង្កសីមួយចំនួន។

ប្រភពបានបន្តថា ករណីនេះមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ប៉ុន្តែផ្ទះសម្បែង ទ្រព្យសម្បត្តិ លុយកាក់របស់ម្ចាស់ផ្ទះគឺមានទំហំធំធេង។

កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ក្នុងនោះអធិការដ្ឋានស្រុកលើកដែកចំនួន២គ្រឿង អធិការដ្ឋានស្រុកពាមរក៍ចំនួន១គ្រឿង អធិការដ្ឋានស្រុកកៀនស្វាយចំនួន១គ្រឿង ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន២គ្រឿង សរុបចំនួន១២ឡាន៕