(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានស្នើឲ្យភាគីពាក់ព័ន្ធរក្សា ស្ថានភាពនយោបាយស្ងប់ស្ងាត់ ទាំងមុនការបោះឆ្នោត ,ពេលបោះឆ្នោត,ក្រោយពេលបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ដើម្បីបន្តការសហការ អនុវត្តឲ្យបានល្អ។
ការលើកឡើងរបស់ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានលើកឡើងនៅក្នុងសន្និបាត ផ្សព្វផ្សាយផែនការស្ថាប័ន ស្តីពីកិច្ចការពារចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៩ ធ្វើឡើង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។ នៅក្នុងសន្និបាត ខាងលើនេះ ក៏មានកាចូលរួមពី សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងដៃគូពាក់ព័ន្ធ ជាច្រើនរូបទៀត។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់បន្ថែមថា បើមានហេតុការណ៍បង្ក ជាហិង្សាណាមួយ បានកើតឡើងដូចកាលពីការបោះឆ្នោត កាលពីឆ្នាំ២០១៥ រហូតដល់មានការ ដុតរថយន្តរបស់សមត្ថកិច្ច ហើយនៅ ក្រោយការបោះឆ្នោត មានភាពអនាធិបេតយ្យប្រឆាំង នឹងលទ្ធផលបោះឆ្នោត ដោយប្រើអស់រយៈពេល ជិត១ឆ្នាំទើបចប់ នោះនឹង អាចធ្វើឲ្យឍ គ.ជ.ប ពិបាកក្នុងការគ្រប់គ្រង ការបោះឆ្នោត នៅពេល ខាងមុខនេះ។
ជាការកត់សំគាល់ កាលពីពេលកន្លងមកនេះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានលើកឡើងថាស្ថានភាព នយោបាយនៅកម្ពុជានាពេលនេះ គឺមានភាពមិនប្រក្រតី ដែលអាចនាំឲ្យប៉ះពាល់ ទៅដល់ការ បោះឆ្នោតនៅពេលខាងមុខ។ ផ្ទុយពីការលើកឡើងរបស់គណបក្សប្រឆាំង មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា ស្ថានភាពនយោបយានាពេលបច្ចុប្បន្ននេះ គឺមិន មានឥទ្ធិពលអាក្រក់ ដល់ការបោះឆ្នោតនាពេលខាងមុខឡើយ។ មិនមានឥទ្ធិពលអាក្រក់ ដោយសារថា ស្ថានភាពនយោបាយនៅកម្ពុជា គឺគ្មានភាពមិនប្រក្រតី ហើយដែលមិនប្រក្រតី គឺជារឿងបុគ្គល អ្នកនយោបាយទេ មិនមែននយោបាយឡើយ។
យ៉ាងណាក៏ដោយ គ.ជ.ប ក៏ធ្លាប់បានអះអាងច្បាស់ៗថា ស្ថានភាពនយោបាយនៅកម្ពុជា ល្អ ឫអាក្រក់ ដាច់ខាតគឺមិនមានផលប៉ះពាល់ ដល់ដំណើរការរៀបចំការបោះឆ្នោត នៅពេលខាងមុខឡើយ ហើយគ.ជ.ប ក៏កំពុងតែបំពេញការងារ របស់ខ្លួនជាធម្មតា និងកំពុងដំណើរការរលូន ទៅមុខជានិច្ច៕