(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលិខិតទៅលោក NUKAGA Fukushiro ប្រធានសភាតំណាងរាស្ត្រនៃប្រទេសជប៉ុន សម្តែងការសោកស្តាយចំពោះដំណឹងដ៏សោកសៅ អំពីការបាត់បង់ជីវិត ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិយ៉ាងធំធេង ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាជនជាច្រើនគ្រួសារ ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិរញ្ជួយដី នៅភាគខាងលិចប្រទេសជប៉ុន។ នេះបើតាមលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកឧត្តមប្រធានជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ! ខ្ញុំសូមសម្តែងនូវសេចក្តីសោកស្តាយជាពន់ពេក ចំពោះដំណឹងដ៏សោកសៅ អំពីការបាត់បង់ជីវិត ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិយ៉ាងធំធេង ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាជនជាច្រើន គ្រួសារ ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិរញ្ជួយដី នៅភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤»

សម្តេចបានបន្តថា «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សមានចិត្តដ៏ជ្រាលជ្រៅ ជូនចំពោះឯកឧត្តមប្រធាន និងតាមរយៈឯកឧត្តមប្រធាន សូមផ្ញើជូនចំពោះរដ្ឋាភិបាល ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់សមាជិកជាទីស្រលាញ់ ក្នុងសោកនាដកម្មនេះ។ ខ្ញុំសូមបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអ្នកបង់ជីវិតក្នុងគ្រោះធម្មជាតិនេះ បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។ សមានចិត្ត និងការបួងសួងរបស់យើងខ្ញុំស្ថិតនៅជាមួយប្រជាជនជប៉ុនក្នុងកាលៈទេសៈដ៏ លំបាកនេះ។ យើងខ្ញុំ សូមឈរនៅក្បែរ ឯកឧត្តមប្រធាន និងរដ្ឋាភិបាលប្រទេសជប៉ុនជានិច្ច ខណៈពេលដែលប្រទេសនេះត្រូវបានស្ដារឡើងវិញពីព្រឹត្តិការណ៍វិនាសកម្មនេះ»

សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ មានមនុស្សច្រើនជាង ៥០នាក់ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួននៅឡើយ ខណៈក្រុមសង្រ្គោះជប៉ុនបន្តព្យាយាមស្វែងរកពួកគេ ៣ថ្ងៃមកហើយបន្ទាប់ពីគ្រោះរញ្ជួយដីវាយប្រហារប្រទេសជប៉ុន បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៧៨នាក់។

អាជ្ញាធរក្នុងតំបន់ បាននិយាយថា ហេតុការណ៍រញ្ជួយដីដ៏ខ្លាំក្លាអមដោយការរញ្ជួយដីកម្រិតតិចតួចទៀតនោះ បណ្តាលឲ្យមនុស្សចំនួន ៣៣០នាក់រងរបួស។ មកទល់នឹងថ្ងៃនេះដែរ ស្ថានភាពរបស់មនុស្សចំនួន ៥១នាក់នៅតែមិនទាន់អាចបញ្ជាក់បាន។ ពលរដ្ឋប្រហែល ២៩,០០០គ្រួសារ នៅខេត្ត Ishikawa ត្រូវគ្មានអគ្គិសនីប្រើប្រាស់ ហើយផ្ទះជាង ១១០,០០០ខ្នង នៅទូទាំង Ishikawa និងតំបន់ជិតខាងចំនួន ២មិនមានទឹកសម្រាប់ប្រើប្រាស់៕