(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានសម្តែងការអបអរសាទរ និងគាំទ្រចំពោះចំណាត់ការរបស់ក្រសួងមហាផ្ទៃ នាពេលកន្លងមក ដែលបានធ្វើជំរឿន និងបណ្តេញជនអន្តោប្រវេសន៍ ដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា។ នេះបើតាមលិខិតមួយរបស់ លោក កឹម សុខា ដែលផ្ញើជូន សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីម្សិលមិញ។
នៅក្នុងលិខិតបានសរសេរថា «គណបក្សសង្រ្គោះជាតិ សូមសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះចំណាត់ការរបស់ក្រសួងមហាផ្ទៃ នាពេលកន្លងមកនេះ ដែលបានធ្វើជំរឿនរកចំនួន ជនអន្តោប្រវេសន៍ ដែលរស់នៅក្នុងប្រទេសកម្ពុជា ហើយនិងបានបណ្តេញចេញពី ប្រទេសកម្ពុជា ចំពោះជនអន្តោប្រវេសន៍ដែលរស់នៅខុសច្បាប់»។
លិខិតរបស់ លោក កឹម សុខា បានសរសេរបន្ថែមថា «ជាមួយគ្នានេះ គណបក្សសង្រ្គោះជាតិ នឹងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ហាញជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ឱ្យបានត្រឹមត្រូវ និងប្រកបដោយតម្លាភាព»។
របាយការណ៍ដែលបង្ហាញដោយ អគ្គនាយកអន្តោប្រវេសន៍ នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ ជំហានដំបូង ស្ដីពីការបន្ដការអនុវត្តការងារ គ្រប់គ្រងជនអន្ដោប្រវេសន៍ នៅកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ជនអន្តោប្រវេសន៍នៅកម្ពុជាតាំងពី ឆ្នាំ១៩៥៦ មកម្ល៉េះ។ ជនអន្តោប្រវេសន៍ នៅកម្ពុជាមានចំនួនជាង ១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាម មានរហូតដល់ ៩០ភាគរយ។
ប៉ុន្តែទោះជាយ៉ាងណា នាយឧត្តមសេនីយ៍ សុខ ផល បញ្ជាក់ថា ជនបរទេសអន្ដោប្រវេសន៍ ដែលបានកាន់កាប់ឯកសាររដ្ឋបាល បញ្ជាក់ពីភាពជាពលរដ្ឋខ្មែរ មានជិត ១០ម៉ឺននាក់ ហើយថារយៈពេល ប្រមាណ ១ឆ្នាំកន្លះ បន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានបង្កើតឡើងនោះ មានជនបរទេសជាង ១ម៉ឺននាក់ហើយ ត្រូវបានបណ្តេញចេញពីកម្ពុជា ក្នុងនោះជនជាតិវៀតណាម មានចំនួនច្រើនជាងគេដែរ។
យ៉ាងណាក៏ដោយ នៅក្នុងលិខិតរបស់ គណបក្សសង្រ្គោះជាតិ ក៏បានស្នើឱ្យផងដែរឱ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់វិធានការទប់ស្កាត់ ជនអន្តោប្រវេសន៍ ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខុសច្បាប់ដើម្បីយកទៅប្រើប្រាស់ ក្នុងការចុះឈ្មោះបោះឆ្នោត៕