(ភ្នំពេញ)៖ នៅក្នុងឆ្នាំនេះដែរ មាននិស្សិតកម្ពុជា ចំនួន១១៦០នាក់ ទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ដែលក្នុងនោះ មាននិស្សិត៦០នាក់ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលី។ ទោះជាយ៉ាងណា នៅក្នុងជំនួបព្រឹកមិញនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំឲ្យរដ្ឋាភិបាលអូស្រ្តាលី ពិនិត្យលទ្ធភាពឲ្យបានច្រើនថែមទៀត ដើម្បីផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតខ្មែរ ពីព្រោះជាធនធានដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។
ការស្នើសុំធ្វើឡើងក្នុងជំនួបកិច្ចពិភាក្សារវាង សម្តេច ហេង សំរិន ជាមួយលោកស្រី អានជីឡា ខូកូរ៉ាន់ (Angela Corcoran ) ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា នាម៉ោង៩៖០០ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ។
សម្តេច ហេង សំរិន បានថ្លែងទៅ លោកស្រី អានជីឡា ខូកូរ៉ាន់ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ឲ្យដឹងថា ប្រទេសយើងទំាងពីរ កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនងការទូតជាមួយគ្នាជាង៦០ឆ្នាំមកហើយ ។ ប្រទេសទាំងពីរ បានពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរគ្រឿងញៀនរត់ពន្ធមនុស្ស វិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ ត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
សម្តេច ហេង សំរិន បានជំរុញបន្តទៀតថា ចំណែកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ជាពិសេសតាមរយៈក្រុមមិត្តភាព តែងបានជួបប្រាស្រ័យពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងន័យពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងសភាទាំងពីរ (កម្ពុជា-អូស្រ្តាលី) ឲ្យកាន់តែប្រសើរឡើងថែមទៀត៕