(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានប្តេជ្ញាចិត្តមិនឱ្យមានយោធិន នៅក្នុងកងយោធពលខេមរភូមិន្ទ ប្រើប្រាស់គ្រឿងញៀនដាច់ខាត, ករណីរកឃើញយោធិនណាម្នាក់ ប្រើប្រាស់គ្រឿងញៀន នឹងត្រូវដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ជាទីបំផុត និងលុបចេញពីក្របខណ្ឌតែម្តង។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការពារជាតិ។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤ របស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងការពារជាតិ ក្រោមអធិបតីភាព លោក ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ។

បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត, អង្គប្រជុំបានពិនិត្យលើរបាយការណ៍សកម្មភាពកន្លងមករួមមាន៖ ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, ការងារបង្ក្រាបបទល្មើសជាប្រចាំរបស់អង្គភាពចំណុះក្រសួងការពារជាតិ ជាពិសេសកងរាជអាវុធហត្ថ, ការព្យាបាល ស្តារនីតិសម្បទា, ការងារធ្វើតេស្តរកសារធាតុញៀន រួមទាំងការងាររៀនសូត្របំប៉នជំនាញជាដើម។

នៅក្នុងឱកាសនោះ ប្រធានអង្គប្រជុំ បានផ្សព្វផ្សាយអំពីសេចក្តីណែនាំ លេខ០០៧ របស់ក្រសួងការពារជាតិ ស្តីពីវិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងកងយោធពលខេមរភូមិន្ទ ដោយសង្កត់ធ្ងន់អំពីវិធានការដ៏ម៉ឺងម៉ាត់៣ចំណុចរបស់ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងនោះមានដូចខាងក្រោម៖

១៖ រៀបចំផែនការសកម្មភាព ដើម្បីទប់ស្កាត់ដល់នាយទាហាន នាយទាហានរង និងពលទាហាន កុំឱ្យពាក់ព័ន្ធនឹងការដាំដុះ ការផលិត ការចរាចរ ការជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំនឹងគ្រឿងញៀន ដែលច្បាប់បានកំណត់ និងទប់ស្កាត់ការរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិក៏ដោយ។

២៖ រៀបចំផែនការសកម្មភាពបញ្ជ្រាបការផ្សព្វផ្សាយអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហា និងផលប៉ះពាល់នៃគ្រឿងញៀនដល់នាយទាហាន នាយទាហានរង និងពលទាហានគ្រប់ស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទឱ្យ មានប្រសិទ្ធភាព។

៣៖ ធ្វើការត្រួតពិនិត្យសារធាតុញៀននៅគ្រប់កងឯកភាព នៃកងយោធពលខេមរភូមិន្ទជាប់ជាប្រចាំ។ ក្នុងករណីរកឃើញ នាយទាហាន នាយទាហានរង និងពលទាហាន បានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវលុបឈ្មោះចេញពី ក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។

សេចក្តីណែនាំរបស់ក្រសួងការពារជាតិនេះ ជាការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, សម្រាប់ទិសដៅអនុវត្តការងារក្នុងឆ្នាំ២០២៤នេះ​ ក្រសួងការពារជាតិ ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំមិនឱ្យមានយោធិនណាម្នាក់ នៅក្នុងកងយោធពលខេមរភូមិន្ទ ប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ហើយនឹងត្រូវដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ជាទីបំផុត និងលុបចេញពីក្របខណ្ឌកងទ័ពតែម្តង ប្រសិនបើរកឃើញថា យោធិននៅក្នុងអង្គភាពណាមួយប្រើប្រាស់គ្រឿងញៀន៕

http://image.freshnewsasia.com/2021//fn-2024-01-04-17-38-37-1.JPG http://image.freshnewsasia.com/2021//fn-2024-01-04-17-38-38-2.JPG http://image.freshnewsasia.com/2021//fn-2024-01-04-17-38-39-3.JPG http://image.freshnewsasia.com/2021//fn-2024-01-04-17-38-40-4.JPG http://image.freshnewsasia.com/2021//fn-2024-01-04-17-38-40-5.JPG http://image.freshnewsasia.com/2021//fn-2024-01-04-17-38-41-6.JPG