(អាហ្វហ្គានីស្ថាន)៖ យោងតាមព័ត៌មាន ស៊ិនហួរ បានឲ្យដឹងថា American University នៅប្រទេសអាហ្វហ្គានីស្ថាន បានរងការវាយប្រហារនាំឲ្យអ្នកស្លាប់កើន ឡើងដល់១៣នាក់ (០៧នាក់ជានិស្សិត) និងរបួសជាង៣០នាក់ ដោយរថយន្តបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារជាច្រើនគ្រាប់ ស្ថិតនៅជាយរដ្ឋធានី កាប៊ុល។ នេះបើតាមការផ្សាយ សរុបព្រឹត្តការណ៍ដោយ BBC នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៦។
កម្លាំងសមត្ថកិច្ចរបស់ អាហ្វហ្គានីស្ថាន បានបញ្ជាក់ ខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាញ់ស្លាប់។ សូមជំរាបថា នៅព្រលប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ខ្មាន់កាំភ្លើងបានវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារទៅលើក្រុមនិស្សិត និងក្រុមសន្តិសុខសាលា។
ប៉ូលិស និង ទីប្រឹក្សាយោធាអាមេរិក បានទៅដល់កន្លែងកើតហេតុទាំងយប់ដើម្បីគ្រប់គ្រងស្ថានការណ៍ខាងលើនេះ ខណៈនិស្សិតនិងបុគ្គលិកសាលារៀន ៧៥០នាក់ ត្រូវបានជួយសង្គ្រោះប្រកបដោយ សុវត្ថិភាព ខណៈមនុស្សស្លាប់ ០៣នាក់ គឺជាកងកម្លាំងការពារសន្តិសុខ និង ០៣នាក់ទៀតជាកងកម្លាំងប៉ូលិស។
អ្នកសារព័ត៌មាននិងជាគ្រូបង្រៀនគឺលោក Massoud Hossaini ដែលស្ថិតនៅកន្លែងពេលកើតហេតុ បានបញ្ជាក់ថា «គ្រាន់តែហេតុការណ៍កើតឡើងភ្លាម ខ្ញុំបានព្យាយាមរត់ចេញពីទីនោះ ហើយពីដំបូងការផ្ទុះបានកើតមានឡើង អំឡុងពេលដែលខ្ញុំស្ថិតនៅក្នុងថ្នាក់រៀនជាមួយសិស្ស ១៥នាក់នៅវេលាម៉ោង ១៩៖០០នាទីល្ងាច។ ខ្ញុំពីដំបូងបាន រត់ទៅមាត់បង្អួចដើម្បីមើលថា មានអ្វីបានកើតឡើង ហើយខ្ញុំបានឃើញបុរសម្នាក់ ស្លៀកពាក់ធម្មតានៅខាងក្រៅ ហើយរូបគេបានបាញ់ កាំភ្លើងសំដៅមកខ្ញុំ ប៉ុន្តែបានចំកញ្ចក់បង្អួចនាំឲ្យបែកខ្ទេច»។
សិស្សក្នុងថ្នាក់ទាំងអស់បានក្រាបចុះ ហើយពេលនោះគ្រាប់បែកពីរគ្រាប់ត្រូវបានគប់ចូលមកក្នុងថ្នាក់ នាំឲ្យផ្ទុះ និងបណ្តាលឲ្យសិស្សជាច្រើននាក់រងរបួស បន្ទាប់មកពួកគេក៏បានរត់ភៀសខ្លួន តាមច្រកសុវត្ថិភាពតែម្តង។ សិស្ស និង អ្នកកាសែតដែលជាគ្រូ បានរត់ទៅកាន់របងសាលារៀន ដែលមានកម្ពស់ ៦ម៉ែត្រ រួចក៏ផ្លោះចេញក្រៅដើម្បីរំដោះជីវិត ពួកគេពីការវាយប្រហារនោះតែម្តង។ បច្ចុប្បន្ន កងកម្លាំងប៉ូសលិស និងទាហានកំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ ខណៈមិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវនៅឡើយទេ៕