Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថស្រុកស្នួល បង្ក្រាបបានរថយន្ដកាមរីបាឡែន​ ដឹកឈើមួយគ្រឿង និង​អ្នកបើកបររួចប្រគល់ឲ្យមេព្រៃ

25-08-2016 11:53

(ក្រចេះ)៖ អាវុធហត្ថស្រុកស្នួល ដឹកនាំសម្របសម្រួលដោយ លោក ធុច បញ្ចុះសន្តិភាព ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ បានធ្វើការបង្ក្រាបរថយន្ដកាមរីបាឡែនដឹកឈើសុក្រំ មួយគ្រឿងជាប្រភេទឈើលេខ១ និង​អ្នកបើកបរ​ម្នាក់ នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំនុចភូមិផ្អាក ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

អាវុធហត្ថស្រុកស្នួល បានឲ្យដឹងថា រថយន្ដកាមរីបាឡែនដឹកឈើដែល ឃាត់នោះ គឺដឹកចេញពីខេត្តមណ្ឌលគីរី ចូលខេត្តក្រចេះ ឆ្លងកាត់ឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ហើយបន្ដទៅលក់នៅស្រុកស្នួល តែមិនដល់គោលដៅ ត្រូវអាវុធហត្តស្រុកស្នួលឃាត់ទាំងរថយន្ដ និងអ្នកបើកបរ ប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ។

លោក ឡាយ ធុច នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល បានឲ្យដឹងថា អ្នកបើកបររថយន្ដដែលអាវុធហត្តឃាត់ខ្លួន ឈ្មោះ ណា រ៉ាណូ អាយុ៣០ឆ្នាំ រស់នៅភូមិដោះក្រមុំ ឃុំសុខផ្ដុំ ក្រុងមនោរម្យ ខេត្តមណ្ឌលគីរី។ លោកបន្ដទៀតថា តាមច្បាប់រដ្ឋបាលព្រៃឈើ បើសិនជាម្ចាស់ឈើព្រមផ្ដិតមេដៃទទួលស្គាល់ហើយ បង់ពិន័យតាមច្បាប់ម្ចាស់ឈើ គ្មានទោសទេព្រោះឈើនេះ ប្រ​ភេទឈើលេខ១ មិនមែនជាឈើប្រណិតទេ។

បច្ចុប្បន្នរថយន្ដដឹកឈើ និងអ្នកបើកបរ ត្រូវឃាត់ទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដើម្បីវាស់វែងធ្វើការផាក់ពិន័យ តាមច្បាប់រដ្ឋបាលព្រៃឈើ៕