(សៀមរាប)៖ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ស៊ីយូអេសគ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធបានរៀបចំកម្មវិធីជូបជុំអបអរសាទរ និងឆ្លងឆ្នាំសកលឆ្នាំ២០២៤ យ៉ាងអធិកអធមនៅសណ្ឋាគារ DRAGON ROYAL CUS HOTEL ខេត្តសៀមរាប។
នាឱកាសដ៏សប្បាយរីករាយនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំទីតាំងគោលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំសាខាទាំង៨ ទូទាំងប្រទេសរបស់CUS គឺ៖ CUS ទីតាំងគោលរាជធានីភ្នំពេញ, CUS សាខាខេត្តកំពត, CUS សាខាខេត្តកំពង់ចាម, CUS សាខាខេត្តកំពង់ធំ, CUS សាខាខេត្តបាត់ដំបង, CUS សាខាខេត្តបន្ទាយមានជ័យ, CUS សាខាខេត្តសៀមរាប រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃសណ្ឋាគារដ្រេ DRAGON ROYAL CUS HOTEL ខេត្តសៀមរាប សរុបប្រមាណ ២៥០នាក់។
ក្នុងពិធីសំណេះសំណាលទៅកាន់មហាគ្រួសារ CUS លោក ជៃ សំអាត ក្នុងនាមគណៈគ្រប់គ្រង សាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងក្នុងនាមលោកស្រី ស ឃុនដារ៉ា ម្ចាស់សណ្ឋាគារ DRAGON ROYAL CUS HOTEL ខេត្តសៀមរាប បានវាយតម្លៃខ្ពស់ភាពរីកចម្រើនរបស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ដែលផ្ដើមចេញពីការខិតខំប្រឹងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយឈរលើឆន្ទៈ និងគោលដៅរួម គឺការកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមកម្ពុជា។
ជាក់ស្ដែងជាង២០ឆ្នាំលើវិថីអប់រំកម្រិតឧត្តមសិក្សា CUS មាននិស្សិតចំនួន ៥០,៦៥៧នាក់(នារីចំនួន១៧,២៤៥នាក់) បានបញ្ចប់ការសិក្សាដោយជោគជ័យ និងនិស្សិតចំនួន ១១,៧៤៧នាក់(នារី ៥,៧៨៨នាក់) កំពុងខិតខំសិក្សាស្រាវជ្រាវបន្តទៀត។
លោកបានសង្កត់ធ្ងន់ថា តាមរយៈលទ្ធផលគាប់ប្រសើរនេះ បានបង្ហាញយ៉ាងច្បាស់អំពីសមត្ថភាព លទ្ធភាព និងបទពិសោធន៍ ដែលសហការី សហការិនី និងសាកលវិទ្យាល័យឯកទេស នៃកម្ពុជា។ ម្យ៉ាងទៀត ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ធានាបានស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ជាមួលដ្ឋានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ, សេដ្ឋកិច្ចសង្គមជាតិ, សិទ្ធិសេរីភាពក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ, ក្នុងនោះ CUS ក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួនឱ្យធំធាត់ដូចថ្ងៃនេះផងដែរ។
ក្នុងទិសដៅឆ្នាំ២០២៣-២០២៧ សាកលវិទ្យាល័យ នឹងអភិវឌ្ឍដោយផ្ដោតលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ការពង្រឹងបច្ចេកទេសបង្រៀន និងរៀនតាមបរិបទថ្មីសម័យឌីជីថល វិធីសាស្រ្តបង្រៀន និងវិធីសាស្រ្តរៀនលើគន្លងថ្មីនៃសតវត្សរ៍ទី២១, ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំ, ពង្រឹងការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា ICT កាន់តែទំនើប និងទាន់សម័យផងដែរ។
លោកក៏បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់សាកលវិទ្យាល័យ សូមបន្តរក្សាបានសាមគ្គីភាព បន្តកិច្ចខំប្រឹងប្រែងប្រកបដោយគំនិតច្នៃប្រឌិតបន្ថែមទៀត ដើម្បីដើរឱ្យទាន់សង្គមបច្ចេកវិទ្យា ហើយនាំមកនូវភាពជោគជ័យកាន់តែធំធេងដល់សាកលវិទ្យាល័យនាពេលអនាគត។
បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំរបស់លោក ជៃ សំអាត សាកលវិទ្យាធិការរងប្រចាំការ ហើយនោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិតសាកលវិទ្យាល័យឯកទេស នៃកម្ពុជា និងគណៈប្រតិភូនិស្សិតតំណាងមកពីគ្រប់ទីតាំងសាខារបស់ CUS បានទស្សនាទស្សនីយភាពសិល្បៈជាច្រើនទម្រង់ រួមទាំងពិធីចាប់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ និងពិសារអាហារសាមគ្គី ពិភាក្សាគ្នាប្រកបដោយភាតរភាពយ៉ាងក្រៃលែង។ ក្រៅពីកម្មវិធីជួបជុំគ្រួសារ CUS ហើយនោះ ក៏មានកម្មវិធីទស្សនកិច្ចសិក្សារួមគ្នានៅតាមតំបន់វប្បធម៌ប្រវត្តិសាស្រ្ត តំបន់ទេសចរណ៍ ប្រាសាទបុរាណ ទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ដែលដូនតាបន្សល់ទុកឱ្យលើទឹកដីអង្គរដ៏បវររបស់ថែមទៀតផង៕