(ភ្នំពេញ)៖ អំពើហិង្សារហូតឈានដល់ការចាក់សម្លាប់ជនជាតិចិនម្នាក់ ដែលបានកើតឡើងនៅចំណុចខុនដូរព្រីនស៍ អីនធើណាសិនណលផ្លាហ្សា អគារ១ ជាន់ទី៤ ចំណុចភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនដៃដល់៤នាក់ ក្នុងចំណោមអ្នកដែលសង្ស័យជិត៤០នាក់។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមករានេះ បានបញ្ជាក់ថា ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ បង្រ្កាបឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន៤នាក់ បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន៖

*ទី១៖ ឈ្មោះ ZHUAG ZONGYI អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ HANG SHUNLI អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកអនឡាញ
*ទី៣៖ ឈ្មោះ CAI PO HAN អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី៤៖ ឈ្មោះ DAI JITING អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកអនឡាញ។

ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ZHUANG ZONGYI និងឈ្មោះ CAI POHAN បានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះដៃទល់ដៃទៅវិញទៅមក មិនបានប្រើកូនកាំបិតចុងស្រួចចាក់សម្លាប់ ជនរងគ្រោះឡើយ។ ចំណែកឈ្មោះ PAI JI TING និងឈ្មោះ HANG SHUNLI មិនចូលរួមវាយទៅលើជនរងគ្រោះនោះទេ។ តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ ក៏បានបញ្ជាក់ផងដែរថា ក្រោយការចាប់ខ្លួន កម្លាំងនគរបាលក៏បានដកហូតថ្នាំញៀន កាំភ្លើង និងកាំបិតផងដែរ។

បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕