(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលត្រូវក្តាប់សភាពការណ៍បទល្មើសឱ្យបានច្បាស់លាស់ ដើម្បីប្រើប្រាស់កម្លាំងចេញដោះស្រាយសភាពការណ៍ទាន់ពេលវេលា និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ប៉ុន្តែមន្រ្តីអនុវត្តត្រូវមានគុណធម៌ សីលធម៌ គោរពវិន័យ និងស្មោះត្រង់ជាមួយវិជ្ជាជីវៈជំនាញ។

ការណែនាំបែបនេះរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានធ្វើឡើង នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។ ពិធីសំណេះសំណាលមានការចូលរួមពីលោកស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលខណ្ឌបឹងកេងកង លោក-លោកស្រីអធិការរង នាយផ្នែកជំនាញ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។

នាឱកាសនោះដែរ លោកស្នងការជក៏បានណែនាំឱ្យបែងចែកវេនប្រចាំការត្រៀមចេញអន្តរាគមន៍រាល់សភាពការណ៍កើតឡើងនៅក្នុងមូលដ្ឋានទាំងបទល្មើសចរាចរណ៍ ព្រហ្មទណ្ឌ ក្មេងទំនើង និងអំពើឆក់ លួចជាដើម។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឱ្យមានការពង្រឹងវិធានការជំនាញ និងវិធានការច្បាប់ និងបង្កើនការស្រាវជ្រាវមុខសញ្ញាដែលប្រព្រឹត្តបទល្មើសមិនទាន់បង្រ្កាបបានដូចជាបទល្មើសឆក់ លួច ដើម្បីនាំយកមកអនុវត្តតាមនីតិវិធី៕