(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្នុងឆ្នាំ២០២៣ ខេត្តកំពតសម្រេចបានូវលទ្ធផលសំខាន់ៗគួរឱ្យកាត់សំគាល់ និងការអភិវឌ្ឍជាច្រើន ទាំងនេះគឺការកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរវាងស្ថាប័ន អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋផងដែរ។

មានប្រសាសន៍ដូចនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត ដោយមានការចូលរួមពីលោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធុំជាច្រើនរូប។

នាឱកាសនោះ លោកអភិបាលខេត្តកំពត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្ត ទុកដាក់បំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ធ្វើឱ្យរដ្ឋបាលខេត្តកំពតធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ ប្រកបដាយលទ្ធផលល្អប្រសើរក្នុង រយៈពេលមួយឆ្នាំកន្លងមកនេះ។ ហើយដោយមានការសហការគេល្អ ក្នុងឆ្នាំ២០២៣ កន្លងមកនេះ ធ្វើឱ្យខេត្តកំពតសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន រួមមាន៖

*ទី១៖ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រតិភូរាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ទទួលបាននូវលទ្ធផលល្អប្រសើរ ដោយពុំមានហេតុការណ៍ណាមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ និងរាល់បទល្មើសកើតឡើងសមត្ថកិច្ចបានបង្ក្រាបទាន់ពេលវេលា។
*ទី២៖ ការរៀបចំសោភណ្ឌភាពក្រុង ដោយបានរៀបចំឆ្នេរព្រែក កែលម្អសួន ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន ដើម្បីទាក់ទាញកំណើនទេសចរណ៍ក្នុងខេត្ត។ លើសពីនេះ យើងបានខិតខំសម្រេចលទ្ធផលជាច្រើនទៀត ដោយមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ លើវិស័យសេដ្ឋកិច្ច និងសង្គម។
*ទី៣៖ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ប្រចាំឆ្នាំ២០២៣ រដ្ឋបាលខេត្ត បានសម្របសម្រួលដោះស្រាយពាក្យបណ្តឹង និងសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋ សរុបចំនួន ៨៧០ករណី ទន្ទឹមនឹងនោះរដ្ឋបាលខេត្ត ក៏បានចុះទៅដោះស្រាយសំណូមពរជាច្រើនទៀតរបស់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត វេទិកាក្រុមប្រឹក្សាខេត្ត ដែលបានរៀបចំនៅគ្រប់ក្រុង-ស្រុក ឃុំ-សង្កាត់ផងដែរ។

ទន្ទឹមនេះ លោកអភិបាលខេត្តកំពត ក៏បានជំរុញ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាឱ្យលទ្ធផលការងារក្នុងឆ្នាំ២០២៤ ខាងមុខ បានល្អប្រសើជាង ឆ្នាំ២០២៣កន្លងទៅ។

អភិបាលខេត្ត បានបន្តថា ខេត្តកំពតគឺជាខេត្តមួយ ដែលមានសក្តានុពលជាច្រើនដែលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសវិស័យទេសចរណ៍ ដែលបច្ចុប្បន្នតំបន់ទេសចរណ៍មានជិត៤០កន្លែង ដូច្នេះយើងត្រូវរួមគ្នាផ្សព្វផ្សាយ និងរួមគ្នាបង្កើត កែច្នៃ និងអភិវឌ្ឍឱ្យបានកាន់តែប្រសើបន្ថែមទៀត៕