(ភ្នំពេញ)៖ ស្របពេលដែលកម្ពុជា កំពុងតែលូតលាស់លើវិស័យសេដ្ឋកិច្ច ជាពិសសេសវិស័យកាត់ដេរ ដែលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចនោះ សមាគមនរោងចក្រកាត់ដេរនៅម្ពុជា ហៅកាត់ថា GMAC បានបង្កើតនៅវិទ្យាស្ថានបណ្ដុះបណ្ដាល វិស័យកាត់ដេរដំបូងនៅកម្ពុជា ហើយគ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការ នៅក្នុងខែមេសា ឆ្នាំ២០១៧។
លោក នាង សុភ័ណ្ឌតារា ប្រធានគម្រោងវិទ្យាស្ថានបណ្ដុះបណ្ដាល វិស័យកាត់ដេរនៅកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន Fresh News ថា វិទ្យាស្ថានបណ្ដុះបណ្ដាល វិស័យកាត់ដេរដំបូងនៅកម្ពុជា គ្រោងនឹងបញ្ជប់ការសាងសង់ នៅក្នុងខែមេសា ដើមឆ្នាំ២០១៧ ដោយបានធ្វើការសាងសង់ អស់រយៈពេលជាច្រើនខែមកហើយ។
លោកថា វិទ្យាស្ថាននេះ អាចទទួលសិស្សឲ្យចូលទៅសិក្សា បានប្រហែលជា១៦០០នាក់ ដោយការសិក្សានេះ ចែកចេញជា២វគ្គ៖ វគ្គខ្លី ឬ ហៅម្យ៉ាទៀតថា ថ្នាក់ដំបូង សម្រាប់អ្នកដែលមិនទាន់ចេះសោះ ដើម្បីបង្រៀនពីការដេរ របៀបនៃការអង្គុយ និងការប្រើប្រាស់ម៉ាស៊ីន សិក្សារយៈពេល១ខែទៅ៣ខែ និងរយៈពេលវែងពី៦ ទៅ១២ខែ សម្រាប់អ្នកដែលចេះហើយចង់បន្ថែមនូវជំនាញ ឲ្យកាន់តែច្បាស់លាស់ ទៅលើវិស័យកាត់ដេរនេះ។
លោកបានបន្ថែមទៀតថា «រាល់ថ្ងៃយើងតែងតែទទួលយកបុគ្គលិកបរទេស មានដូចជា ចិន តៃវ៉ាន់ ដើម្បីមកបម្រើការងារក្នុងប្រទេសកម្ពុជា ទៅលើផ្នែកមួយចំនួន ដូចជាផ្នែកច្នៃម៉ូដជាដើម ហើយនឹងត្រូវចំណាយថវិកាយ៉ាងច្រើន ដើម្បីផ្ដល់ទៅឲ្យបុគ្គលិកបរទេស ព្រោះគាត់មានជំនាញច្បាស់លាស់ ជាងបុគ្គលិកកម្ពុជា ដូចចេ្នះការបង្កើតវិទ្យាស្ថាននេះឡើង គឺដើម្បីបង្រៀនពួកគាត់ ឲ្យចេះច្បាស់នូវជំនាញកាត់ដេរ ឬ ហៅម្យ៉ាងទៀតថា ជំនាញគ្រប់គ្រងថ្នាក់កណ្ដាល ដើម្បីជំនួសតំណែងបុគ្គលិកបរទេស»។
លោក នាង សុភ័ណ្ឌដារា បានបញ្ជាក់ទៀតថា «សម្រាប់តម្លៃសិក្សាវិញ គឺយើងទាក់ទងជាមួយនឹងម្ចាស់រោងចក្រ ដោយខាងរោងចក្រជាអ្នកបង់ឲ្យ។ សិស្សនិស្សិតទូទៅ ក៏អាចចូលរៀន នៅវិទ្យាស្ថាននេះ ដូចគ្នាដែរ ជាមួយតម្លៃដ៏ទាបបំផុត សម្រាប់ពេលវេលា និងថ្ងៃសិក្សា គឺយើងមាន២ដូចគ្នាដែរ គឺសិក្សាពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្រ និងចុងសប្ដាសហ៍ថ្ងៃសៅរ៌ អាទិត្យ»។
លោកបន្ថែមទៀតថា ការបើកវិទ្យាស្ថានបណ្ដុះបណ្ដាល វិស័យកាត់ដេរនេះ គឺចូលរួមចំណែកយ៉ាងច្រើន ដូចជា កម្មករ-កម្មការនី មានជំនាញច្បាស់លាស់ក្នុងការបំពេញការងារ ដោយមិនជួបនូវការលំបាក ទទួលបាននូវប្រាក់ខែខ្ពស់ ព្រោះថាពួកគាត់ចេះច្រើន មានជំនាញច្បាស់លាស់ អាចមានសមត្ថភាពជំនួសតំណែងជំនាញបរទេស និងទទួលបាននូវប្រាក់ខែយ៉ាងច្រើនទៀតផង។
សូមជម្រាបថា វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរដំបូងគេនៅកម្ពុជានេះ បង្កើតឡើងក្រោមកម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅកម្ពុជា (AFD) នូវទឹកប្រាក់ ៣លានដុល្លារអាមេរិក ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ក្រសួងការងារបានឲ្យដឹងថា កម្ពុជាមានកម្មករ-កម្មការិនីដែលកំពុងបម្រើការងារ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ជាង៧០ម៉ឺនាក់៕