(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានឯកភាពលើការពង្រឹងកិច្ចសហការ បណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់អាហារូបករណ៍ និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមបច្ចេកទេសនៃប្រទេសទាំងពីរ។ នេះ គឺជាការគូសបញ្ជាក់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ និងលោក Santo Darmosumarto ក្នុងជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងពីការពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍ដល់ពលរដ្ឋកម្ពុជា លើជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលឥណ្ឌូនេស៊ីមានសក្តានុពល និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមផ្នែកបច្ចេកទេសវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។
សម្រាប់ថ្នាក់ដឹកនាំទាំងពីរ កិច្ចការនេះ នឹងក្លាយជាចលករសំខាន់សម្រាប់ជួយជ្រោមជ្រែងទំនាក់រវាងប្រជាជននិងប្រជាជន និងប្រទេសជាតិទាំងពីរ ឱ្យកាន់តែស្អិតរមួតផងដែរ។

បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានជជែក និងចែករំលែកពីទស្សនៈវិស័យក្នុងនាមប្រទេសបញ្ជូនពលករច្រើនទៅកាន់ពិភពលោកដូចគ្នា។ ក្នុងនោះ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ក្រសួងការងារ និងរាជរដ្ឋាភិបាល ទាំងមូលដែលបានមើលថែពលរដ្ឋខ្លួនដែលកំពុងធ្វើការ និងស្នាក់នៅ ក្នុងប្រទេសកម្ពុជាដោយគ្មានការរើសអើង។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា ក្រសួងការងារក្នុងនាមជាប្រទេសទទួល និងក្នុងនាមជាមិត្តនៅតំបន់អាស៊ាន ការផ្តល់ការគោរពសិទ្ធិដល់ពលរដ្ឋទូទៅ និងជនបរទេសជាកាតព្វកិច្ចដែលកម្ពុជា ត្រូវធ្វើឱ្យល្អបំផុតជាពិសេសក្នុងអាណត្តិទី៧នេះ ដែលក្រសួង បានយកចិត្តទុកដាក់ជាអាទិភាពមិនថា ពលរដ្ឋបរទេសក្នុងទឹកដីកម្ពុជា ឬពលរដ្ឋកម្ពុជាដែលចេញទៅបម្រើការនៅបរទេសនោះទេ៕