(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា វេទិកាស្តីពីទំនៀមជំនុំច្បាប់ខ្មែរ ជាឱកាសសម្រាប់ការបង្ហាញ និងការពិភាក្សាក្នុងក្របខណ្ឌបើកចំហរ ដោយផ្តោតសំខាន់លើប្រពៃណី វិធីសាស្ត្រ និងការអនុវត្តដែលមានពីពេលមុនមក និងដែលមានការប្រែប្រួលលើការជំនុំ វិធីសាស្ត្រ ឬរបៀបនៃការជំនុំច្បាប់។

លោកបណ្ឌិតសភាចារ្យ បញ្ជាក់ទៀតថា វេទិកានេះផ្តោតលើប្រពៃណីក្នុងការពិភាក្សាច្បាប់ ដែលបានកំណត់នូវគុណតម្លៃស្នូលរបស់ខ្លួនចំនួន៤ រួមមាន៖ (១) គុណតម្លៃគតិយុត្តិ (២) គុណតម្លៃវប្បធម៌ (៣) គុណតម្លៃប្រវត្តិសាស្ត្រ (៤) គុណតម្លៃអប់រំ ដោយឈរលើតម្រាយផ្លូវចំនួន២៖ គឺទំនៀម និងទំនើប ឬច្បាប់ទំនៀមទៅច្បាប់ទំនើប ដែលមានគោលដៅឆ្ពោះទៅកាន់ វប្បធម៌នីតិរដ្ឋ ដោយមានការចូលរួមពីអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ និងឈរលើអភិក្រមប្រព័ន្ធតួអង្គតែមួយ តាមរយៈការជំនុំគ្នារវាង អ្នកច្បាប់ អ្នកអក្សរសាស្ត្រ អ្នកវប្បធម៌ អ្នកទស្សនវិជ្ជា រួមទាំងទស្សនវិជ្ជាព្រះពុទ្ធសាសនា អ្នកមានចំណេះដឹង ខាងភាសាបាលី និងសំស្ក្រឹត ដែលនឹងបង្កើតនូវគំហើញថ្មីមួយដោយផ្សារភ្ជាប់ពីទំនៀមមកជាទំនើប និងឈានឆ្ពោះទៅទំនោរខាងមុខ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញបិទ វេទិកាស្តីពីទំនៀមជំនុំច្បាប់ខ្មែរ ដែលបានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងនាយកសាលាភូមិន្ទរដ្ឋបាល លោក ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ រួមទាំងមានវាគ្មិនជំនាញ លោក លោកស្រី សិស្សមន្ត្រីជាន់ខ្ពស់ និងមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាលជាច្រើនរូបទៀត។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមទៀតថា ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ ការថែរក្សា និងការពង្រឹងវប្បធម៌ អរិយធម៌ ប្រពៃណីជាតិ និងសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាកាតព្វកិច្ចរបស់រដ្ឋ ដែលបានកំណត់ជា គោលការណ៍ធម្មនុញ្ញ ដូចមាន ចែងក្នុងមាត្រា៦៩ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។ អនុលោមតាមគោលការណ៍ធម្មនុញ្ញនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ ក្របខណ្ឌគោលនយោបាយ យុទ្ធសាស្ត្រ និងក្របខណ្ឌគតិយុត្ត ដើម្បីធានាប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពក្នុងការអនុវត្តគោលការណ៍គ្រឹះនេះ។

ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏ផ្តាំផ្ញើទៅអង្គវេទិកាទាំងមូល ជាពិសេសសិស្សមន្ត្រីក្រមការ និងមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់បន្តផ្សព្វផ្សាយ និងបញ្ជ្រាបនូវចំណេះដឹងដែលទទួលបានពីវេទិកានេះ ជូនដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, បន្តសិក្សាស្រាវជ្រាវ និងចងក្រងបន្ថែមទៀតនូវស្នាដៃថ្មីៗពាក់ព័ន្ធនឹងគុណតម្លៃគតិយុត្តិ គុណតម្លៃវប្បធម៌ គុណតម្លៃប្រវតិ្តសាស្ត្រ និងគុណតម្លៃអប់រំ និងបន្តរៀបចំវេទិកាស្តីពីទំនៀមជំនុំច្បាប់ខ្មែរ ក្នុងដំណាក់កាលនៃច្បាប់ទំនើប ដើម្បីឆ្ពោះទៅកាន់ វប្បធម៌នីតិរដ្ឋ។

បើតាមលោក យក់ ប៊ុនណា វេទិកាជំនុំច្បាប់ខ្មែរនេះ បានរៀបចំឡើងដើម្បីសម្រេចគោលបំណងសំខាន់ៗចំនួន២ រួមមាន៖ ការបង្ហាញអំពីអត្ថិភាពនៃអត្តសញ្ញាណច្បាប់និងទស្សនច្បាប់ខ្មែរពីបុរាណ និងការផ្សារភ្ជាប់គ្នានៃដំណើរវិវត្តច្បាប់ទំនៀម មកច្បាប់ទំនើប តាមប្រព័ន្ធច្បាប់របស់បារាំង ចាប់ពីការរៀបចំនូវធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដំបូងឆ្នាំ១៩៤៧។

ដើម្បីឈានទៅសម្រេចគោលបំណងទាំង២ខាងលើ ក្រុមការងារបានរៀបចំសកម្មភាពសំខាន់ៗចំនួន៣ រួមមាន៖ ការរៀបចំចងក្រង និងបោះពុម្ពផ្សាយអត្ថបទ និងបទបង្ហាញនៃអង្គវេទិកា, ច្បាប់ទំនៀម និងច្បាប់ទំនើប ត្រូវបានផ្សព្វផ្សាយ និងបញ្ជ្រាបដើម្បលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីរាជការនៃក្រសួង ស្ថាប័ន ព្រមទាំងគ្រឹះស្ថានបណ្តុះបណ្តាល ដែលពិធីនាព្រឹកនេះគឺមានការចូលរួមរបស់សិស្សមន្ត្រីជាន់ខ្ពស់ និងមន្ត្រីក្រមការ ដែលនឹងត្រូវទៅបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំជាវេទិកាក្នុងទម្រង់នេះនឹងត្រូវបន្តដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាប ជាទៀងទាត់រៀងរាល់ដែលអាច ១ឆ្នាំម្តង ឬ២ឆ្នាំម្តង ក្នុងន័យលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយ។

លោក យក់ ប៊ុនណា បញ្ជាក់ដែតថា វេទិកាស្តីពីជំនុំច្បាប់ខ្មែរនេះ ជាវេទិកាបង្ហាញនិងពិភាក្សាក្នុងក្របខណ្ឌបើកចំហរទស្សនវិស័យ ដោយមានការចូលរួមពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធដោយឈរលើអភិក្រម ប្រព័ន្ធតួអង្គតែមួយ ដែលមានគោលដៅឆ្ពោះទៅកាន់ការកសាងនិងពង្រឹង វប្បធម៌នីតិរដ្ឋ ដោយទ្រទ្រង់នូវគុណតម្លៃស្នូលចំនួន៤ រួមមានគុណតម្លៃគតិយុត្ត, គុណតម្លៃវប្បធម៌, គុណតម្លៃប្រវត្តិសាស្ត្រ និងគុណតម្លៃអប់រំផងដែរ៕