(ឡុងដ៍)៖ អ្នកដើរកម្សាន្តតាមឆ្នេរខ្សាច់ ០៥នាក់ទៀតហើយ បានបាត់បង់ជីវិត ដែលជាហេតុនាំឲ្យមនុស្សស្លាប់ក្នុង សប្តាហ៍នេះដោយសារតែអាកាសធាតុក្តៅបំផុត ប្រចាំឆ្នាំកើនឡើងដល់ ១២នាក់នៅតំបន់ឆ្នេរភាគនិរតីនៃ ចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦។
អំឡុងពេលនៃចុងខែសីហានេះ គឺជាទិវាវិសមកាលដ៏សប្បាយរីករាយ ហើយទាំងសិស្ស និងបុគ្គលិកសាលារៀន នានាបាននាំគ្នាទៅកម្សាន្តនៅតំបន់ឆ្នេរ ដើម្បីគេចចេញពីអាកាសធាតុក្តៅក្នុងទីក្រុង ប៉ុន្តែវាបែរជាបណ្តាលឲ្យមនុស្ស មួយចំនួនបាត់បង់ជីវិត ដោយសារតែការហាលថ្ងៃហួសកម្រិត ខណៈសីតុណ្ហភាពកើនឡើងដល់ ៣៤អង្សាសេ។
អាជ្ញាធរអង់គ្លេស ធ្លាប់ចេញសេចក្តីព្រមានដល់ប្រជាជនទូទៅកន្លងមកហើយ ពីការកម្សាន្តបែបហាលថ្ងៃនៅតំបន់ឆ្នេរ ត្រូវតែមានការគិតគូអំពីសុវត្ថិភាព ជាពិសេសត្រូវគិតពីគម្លាតរវាងទឹកសមុទ្រ និងទីតាំងឆ្នេរដែលពួកគេត្រូវហាលថ្ងៃ។ គួរបញ្ជាក់ថាមនុស្សស្លាប់ភាគច្រើនគឺមានវ័យចំណាស់ ហើយជាក់ស្តែងសាកសពបុរសពីរនាក់ត្រូវបានគេប្រទះឃើញ នៅឆ្នេរ Camber Sands នៃតំបន់ឆ្នេរភាគអាគ្នេយ៍ចក្រភពអង់គ្លេស ដែលមានអាកាសធាតុក្តៅខ្លាំងជាងគេ។
ចំពោះមូលហេតុនៃការស្លាប់ជាក់លាក់នោះ នៅមិនទាន់មានការបញ្ជាក់ពីផ្នែកសុខាភិបាលនោះឡើយ ប៉ុន្តែបុរស ០៥ដែលទើបតែស្លាប់នៅថ្ងៃពុធនោះ ត្រូវបានគេពិនិត្យឃើញថា ទំនងជាបានទទួលរងភាពខ្សោះទឹល និងអស់កម្លាំងខ្លាំងទើបដាច់ខ្យល់ស្លាប់តែម្តង។ ប៉ូលិសបានធ្វើការណែនាំប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែមិនមែនការបិទឆ្នេរនោះទេ ដោយសារតែវាមិនមែនជាករណីនៃអំពើឃាត ឬហិង្សាអ្វីឡើយ៕