(ក្រចេះ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកឆ្លូង ខេត្តក្រចេះ ដែលសាងសង់អស់ទឹកប្រាក់ជាង៣៤ម៉ឺនដុល្លារ។

ពិធីនេះដែរ មានការចូលរួមពីលោក នេត្រ ភក្រ្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ, លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី, លោក វ៉ា ថន អភិបាលខេត្ត, ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។

អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដែលបំរើឲ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញេលញ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះលោក ឆាន់ សាផាន និងលោកស្រី, លោក វ៉ា ថន និងលោកស្រី រួមជាមួយ សហការី និងអាជ្ញារធរខេត្តគ្រប់ លំដាប់ថ្នាក់ បានរួមគ្នា កសាងនូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ ដែលបានចំណាយថវិកាសាងសង់អស់ជាង៣៤ម៉ឺនដុល្លារ។

សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវសមាជិកបក្សយើង ត្រូវចូលរួមថែក្សាសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់យើងទាំងអស់គ្នាឲ្យបានគង់វង់ ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញ សុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែមានរីកចម្រើនថែមទៀត៕