(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយលោក ឌុច គន្ធា អភិបាលរងខេត្ត តំណាងលោក សួន សុម៉ាលីន អភិបាលខេត្ត បានទទួលរថយន្តក្រុងចំនួន១៥គ្រឿងបន្ថែមទៀត ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប សម្រប់ជើងទី៣ ដំណាក់កាលទី២ សម្រាប់យកទៅប្រើប្រាស់ ជាប្រយោជន៍រួមរបស់ខេត្ត ក្នុងការបម្រើសេវាសាធារណៈ។ ពិធីនេះធ្វើនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសនៃការប្រគល់ទទួលរថយន្តក្រុងនេះ លោក ឌុច គន្ធា សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប ដែលបានផ្ដល់រថយន្តទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តព្រៃវែង ក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ខេត្ត។

អភិបាលរងខេត្ត បានលើកឡើងថា «ទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់ម្ចាស់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប ដែលបាន ជំនួយជារថយន្តក្រុង បើគិតជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ មករដ្ឋបាលខេត្តព្រៃវែង ក៏ដូចជាខេត្តផ្សេងៗទៀត នៃប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនធ្វេដងបន្ថែមទៀត»

សូមបញ្ជាក់ថា រថយន្តក្រុងដែលជាអំកណាយរបស់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុបបានផ្តល់ជូនដល់រដ្ឋបាលខេត្តព្រៃវែងបានចំនួន២លើករួចមកហើយ កាលពីថ្ងៃទីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន១០គ្រឿង និងនៅថ្ងៃទី៨ ខែវិច្ជិកា ឆ្នាំ២០២៣ ចំនួន១០គ្រឿង ព្រមទាំងលើកនេះទៀត ចំនួន១៥គ្រឿង សរុបទាំងអស់ចំនួន៣៥គ្រឿង៕