(ភំ្នពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបិទសវកម្មផ្ទៃក្នុងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានឯកភាព និងគាំទ្រទាំងស្រុងនូវរបាយការណ៍របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានរាយការណ៍ពីដំណើរការ និងលទ្ធផលសវនកម្មនៅអគ្គស្នងការដ្ឋាននគរបាលជាតិជូនអង្គពិធីបានជ្រាប។

លោកបានថ្លែងអំណរគុណចំពោះក្រុមការងារសវនកម្មផ្ទៃក្នុង និងប្រធាននាយកដ្ឋាន មន្ទីរអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាកម្មវត្ថុក្នុងការធ្វើសវនកម្មបានចូលរួមយ៉ាងសកម្ម យ៉ាងជិតស្និទ្ធបង្កលក្ខណៈងាយស្រួលជួយគ្នាទៅវិញទៅមក ក្នុងគោលបំណងស្វែងរកចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលអាចកើតឡើងក្នុងកំឡុងពេលបំពេញភារកិច្ច ក្នុងកិច្ចការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងការបំពេញបេសកកម្មរបស់ខ្លួន អគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវ និងមានការចង្អុលបង្ហាញដឹកនាំពី នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងទទួលបានការណែនាំរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការគ្រប់គ្រងកងកម្លាំង ដឹកនាំកងកម្លាំង រួមទាំងការងារភស្តុភារ និងហិរញ្ញវត្ថុ និងការគ្រប់គ្រងថែរក្សាមធ្យោបាយ ឧបករណ៍សម្ភារៈបច្ចេកទេសបម្រើឲ្យកិច្ចការងារប្រតិបត្តិការរបស់កងកម្លាំង ដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បំពាក់ជូនកាលពីពេលកន្លងមក។

លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានបញ្ជាក់ទៀតថា ចំពោះការគ្រប់គ្រងដឹកនាំកម្លាំង និងការកិច្ចងារបន្ទាន់ភ្លាមមួយចំនួនទៀត តម្រូវឲ្យមានការដឹកនាំប្រកបដោយភាពបត់បែនរស់រវើក និងមានភាពម្ចាស់ការលើហេតុការជាយថហេតុ ដែលកិច្ចការទាំងនេះ បង្កឲ្យមានចំណុចខ្វះខាត និងបញ្ហាប្រឈមដែលជាកត្តាសត្យានុម័ត និងអត្តនោម័តក្នុងការដឹកនាំបញ្ជាកម្លាំងផងដែរ។ ចំណុចទាំងអស់នេះហើយ ដែលអាចកើតមាននូវភាពខ្វះចន្លោះមួយចំនួនសម្រាប់នាយកដ្ឋានជំនាញ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង បានកោតសរសើរដល់ប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ តាមជំនាញនីមួយៗ ដែលបានសហការគ្នាយ៉ាងល្អ ផ្តល់ឯកសារ ផ្តល់ពេលវេលាជាមួយសវនកម្មទទួលបានជោគជ័យ។ លោកបន្តថា នៅក្នុងរបាយការណ៍មានចំណុចខ្លះក៏មិនគ្រប់គ្រាន់ និងលើសលោះដោយចំណុចណាមួយ ដូច្នេះប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ អាចតវ៉ា ដើម្បីកែលម្អឲ្យកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

លោកឧត្តមសេនីយ៍ឯក ងួន ស្រេង ក៏បានលើកឡើងពីតួនាទីរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាព មាន៣ចំណុចធំៗរួមមាន៖

*ទី១៖ ការគ្រប់គ្រងបុគ្គលិក
*ទី២៖ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
*ទី៣៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

លោកបានបញ្ជាក់ពីបញ្ហាខ្វះជំនាញលើធនធានមនុស្ស ដើម្បីបំពេញឱ្យអង្គភាពរីកចំរើនត្រូវបន្តការស្នើសុំវគ្គបណ្តុះបណ្តាលគ្រប់វគ្គ គ្រប់ជំនាញគ្រប់មន្រ្តីទាំងអស់ និងបន្តការលើកទឹកចិត្ត ជាគ្រឿងឥស្សរយស ដល់មន្ត្រីដែលមានស្នាដៃ ខិតខំបំពេញតួនាទីភារកិច្ចបានល្អក្នុងអង្គភាព។ លោកក៏បានផ្តាំផ្ញើ និងណែនាំដល់ ឯកឧត្តមប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ យកចិត្តទុកដាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល អំពីភូមិឃុំសង្កាត់មានសុវត្តិភាព រក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ គ្មានល្បែងស៊ីសង ពិសេសគឺបង្ការបង្រ្កាបគ្រឿងញៀន ដើម្បភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងការរស់នៅក្នុងមូលដ្ឋាន៕