(កែប)៖ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាកំពុងត្រឡាច ស្ថិតនៅក្រុងកែប ខេត្តកែប បានបង្ហាញក្ដីរីករាយយ៉ាងអនេកនៅពេលអគារសិក្សានិងទីចាត់ការថ្មីក្នុងសាលានេះ ត្រូវបានបើកការសាងសង់ជាផ្លូវការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត។

ការបើកការដ្ឋានសាងសង់អគារនេះធ្វើឡើងនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រី ព្រមទាំងមន្ត្រីរាជការ កងកម្លាំងដាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធចូលរួម។

លោក ខេង យ័ន អភិបាលក្រុងកែប បានឲ្យដឹងថា អគារសិក្សាដែលកំពុងសាងសង់នេះមានចំនួន១ខ្នង និងអគារទីចាត់ការសាលា១ខ្នងទៀត ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ស្ថិតនៅក្នុងបរិវេណវត្តកំពង់ត្រឡាច ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានលើកឡើងថា សមិទ្ធផលថ្មីដែលកំពុងដំណើរការសាងសង់នេះ គឺជាអំណោយរបស់សម្តេចធិបតី ក្នុងឱកាសដែលសម្តេចអញ្ជើញមកសម្ពោធសមិទ្ធផលនានាក្នុងវត្តកំពង់ត្រឡាចនេះ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ​កន្លងទៅ តាមការស្នើសុំរបស់លោកគ្រូអ្នកគ្រូ។ តាមរយៈសមិទ្ធផលថ្មីនេះនឹងក្លាយជាកម្លាំងចិត្តបន្ថែមទៀតសម្រាប់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូក្នុងការខិតខំបង្រៀននិងរៀនឱ្យបានខ្លាំងពូកែ ដើម្បីក្លាយជាទំពាំងដ៏មានគុណភាពស្នងបន្តអភិវឌ្ឍប្រទេសជាតិ។

លោកអភិបាលខេត្តក៏បានណែនាំដល់លោកប្រធានមន្ទីរអប់រំ យុវជន​ និងកីឡាខេត្តកែប​ សូមខិតខំកៀរគរធនធានបន្ថែមលើការបំពាក់ឧបករណ៍ និងសម្ភារសិក្សាបន្ថែមទៀត ដូចជាការធ្វើសួនច្បារ ការដាក់ឱ្យមានសៀវភៅអាន ដើម្បីឱ្យសិស្សានុសិស្សមានទម្លាប់ក្នុងការអានសៀវភៅសម្រាប់ជាជំនួយដល់ការសិក្សារៀនសូត្ររបស់សិស្ស៕