(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសចុះទស្សនកិច្ច និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិពិសោធន៍ពិសោធន៍សុខាភិបាល នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសរំលេចថា ឱសថការីមានតួនាទីធំវិសាលភាពទូលាយ ក្នុងការកំណត់សុខភាពឱ្យប្រជាពលរដ្ឋ។
លោកសាស្ដ្រាចារ្យបានបន្ដថា បើនិយាយពីបម្រើការងារនៅនាយកដ្ឋានឱសថ គឺគ្របដណ្ដប់ទៅលើសុខភាពទាំងអស់ អីចឹងការអនុវត្ដន៍ត្រូវ ក៏បានមកនូវសុខភាពល្អ ផ្ទុយទៅវិញបើមិនល្អ គឺត្រូវប្រតិកម្មដល់សុខភាព ឧទាហរណ៍ដូចនៅមន្ទីរពិសោធន៍នេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ឱសថការី ជាការងារមួយផ្នែកធំ ដែលជះឥទ្ធពលដល់សុខភាព សូមស្នើដល់ថ្នាក់ដឹកនាំទាំងអស់ ដែលមើលការខុសត្រូវលើជំនាញនេះ ត្រូវសង្កត់ធ្ងន់ទាំងលើការបណ្ដុះបណ្ដាលនិស្សិត និងក្រមសីលធម៌វិជ្ជាជីវៈឱសថការីនេះ ដើម្បីឱ្យនិស្សិតរបស់យើង និងឱសថការី ដែលចេញមកបំពេញភារកិច្ចនេះ មានជំហរ និងវិជ្ជាជីវៈខ្ពស់»។
លោកសាស្ដ្រាចារ្យបានបន្ថែមថា «ការលក់ឱសថតាមឱសថស្ថាន ការត្រួតពិនិត្យឱសថ ការចេញបញ្ជិកាឱសថ ចំណីអាហារ អាហារបំប៉ន -ល- គឺសុទ្ធតែពាក់ព័ន្ធនឹងឱសថការី ដូច្នេះសូមឱ្យឱសថការី ត្រូវឱ្យដឹងថាតួនាទីយើង និងបំពេញតួឱ្យបានប្រសើរ ក្នុងមោទនភាព កិត្ដិយស កុំឱ្យឆ្គាំឆ្គងឱ្យសោះ ឱ្យស័ក្ដ័សមនឹងតួនាទី ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសឱសការីនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល»។
មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល សឹងតែដើរតួនាទីដូចមន្ដ្រីយុត្ដិធម៌ដូច្នេះដែរ ព្រោះជាទីតាំងបញ្ជាក់ពីភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវរបស់ផលិតផល ឱសថ ឬថ្នាំផ្សេងៗ ដូច្នេះត្រូវអនុវត្ដន៍ការងារដោយភាពឯករាជ្យ ស្មោះត្រង់ត្រឹមត្រូវ ប្រកបដោយដោយទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវទទួលសម្ពាធពីខាងណានោះឡើយ ព្រោះថាផលិតទាំងអស់ គឺគ្របដណ្ដប់លើសុខភាពរបស់ប្រជាជនយើង។
ទន្ទឹមនឹងនោះលោករដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍គន្លឹះ ដើម្បីជំរុញល្បឿននៃការងារកាន់តែលឿន និងពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕