(ពោធិ៍សាត់)៖ លោក​ ហាស់​ សារ៉េត​ រដ្ឋលេខាធិការ​ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក​ ខូយ​ រីដា​ អភិបាល​ខេត្ត​ពោធិ៍សាត់​ នាថ្ងៃ​ទី​០២​ ខែ​មករា​ ឆ្នាំ​២០២៤ បានចុះជួបសំណេះសំណាល​ ជាមួយ​ប្រជានេសាទ​ ក្នុងភូមិ​កំពង់​លួង​ ឃុំ​កំពង់​លួង​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​ ក្នុងគោលបំណងស្ទាបស្ទង់ និងស្តាប់ពីសំណូមពរ​ ក៏ដូចជាបញ្ហាប្រឈម យកមកពិភាក្សាគ្នា លើកិច្ចការងារប្រើប្រាស់​ឧបករណ៍​នេសាទ​ ស្របតាមច្បាប់អនុញ្ញាត ដើម្បីមច្ឆាជាតិបានគង់វង្ស។

ពិធីនេះ ត្រូវបានធ្វើឡើង នៅលើផែ ក្នុងឃុំកំពង់លួង ដោយបានការចូលរួមពី លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាប្រតិភូអមដំណើរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលរងខេត្ត អាជ្ញាធរស្រុកឃុំ មន្ត្រីពាក់ព័ន្ធ និងប្រជានេសាទដែលប្រកបរបរ ក្នុងដែននេសាទបឹងទន្លេសាប ប្រមាណ១៥៦នាក់។

លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ដើម្បីឲ្យមានភាពងាយស្រួលងាយយល់ ពីការប្រើប្រាស់ឧបករណ៍នេសាទ របស់បងប្អូនប្រជានេសាទ ក្នុងរដូវបើកនេសាទឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់រដ្ឋបាលជលផល និងអ្វីដែលចង់សំណូមពរ សូមបងប្អូនជម្រាបមកមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ ដែលមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យបានត្រឹមត្រូវ ដើម្បីយកទៅអនុវឌ្ឍន៍ឲ្យត្រូវតាមច្បាប់ជលផល ក្នុងការដោះស្រាយជូនបងប្អូនយើង រួមគ្នាថែរក្សា អភិរក្ស មច្ឆារជាតិរបស់ទាំងអស់គ្នា នៅក្នុងបឹងទន្លេសាបឲ្យសម្បូរឡើងវិញ សម្រាប់ការផ្គត់ផ្គង់ប្រជាពលរដ្ឋពេញផ្ទៃប្រទេស និងសម្រាប់ជីវភាពគ្រួសារបងប្អូនប្រជានេសាទ ឲ្យបានល្អប្រសើរ។

បន្ទាប់ពីមានការសំណូមពរពីប្រជានេសាទ ក៏ដូចជាការលើកឡើងឆ្លើយតបពន្យល់យ៉ាងក្បោះក្បាយ ពីសំណាស់មន្ត្រីជំនាញនោះរួចមក, លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្ម ចង់ឲ្យជីវភាពអ្នកនេសាទយើង បានប្រសើរឡើង និងធនធានធម្មជាតិបានគង់វង្ស និងសម្បូរឡើងវិញ។

ចំពោះសំណូមពររបស់ប្រជានេសាទ ទាំងប៉ុន្មានចំណុច លោកនឹងយកទៅពិភាក្សាគ្នា ជាមួយថ្នាក់ដឹងនាំក្រសួង ដើម្បីរួមគ្នា ឯកភាពសម្រេចជាក្រោយ លើកិច្ចការងារការប្រើប្រាស់ឧបករណ៍នេសាទ ឲ្យស្របតាមច្បាប់ និងមានប្រសិទ្ធភាព។

បន្ថែមលើសពីនេះទៅទៀត លោកសូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងដោយមានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការនោះ សូមគាំទ្រ និងចូលរួមថែរក្សាការពារ និងអភិរក្សធនធានជលផលទាំងអស់ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋទូទាំងផ្ទៃប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានធ្វើនេសាទ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

បន្ទាប់ពីសំណេះណាល និងពន្យល់ពីរបៀបប្រើឧបករណ៍នេសាទរួច ក្រុមការងារ ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់លោករដ្ឋមន្រ្តីក្រសួងកសិកម្ម មកចែកជូនដល់កងកម្លាំងចម្រុះថ្នាក់ជាតិ ដែលកំពុងឈរជើង នៅលើផ្ទៃទឹកបឹងទន្លេសាបផងដែរ៕