(ភ្នំពេញ)៖ លោក ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានបង្ហាញបំណងចង់ឃើញអ្នកវិនិយោគរបស់ខ្មែរចូលទៅវិនិយោគនៅក្នុងប្រទេសវៀតណាម។
បំណងនេះត្រូវបានស្តែងឡើងក្នុងឱកាសលោកឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញគោលបំណងជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជជែកពិភាក្សាលើការពិនិត្យរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនវៀតណាមអាចជួបជជែកពិភាក្សាការងារ និងស្វែងយល់អំពីសក្ដានុពលសម្រាប់ការវិនិយោគក្នុងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងការអបអរសាទរជូនដល់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលទទួលបានការតែងតាំងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះលោកឯកអគ្គរដ្ឋទូត បានបង្ហាញក្ដីរំពឹងថា ប្រទេសទាំងពីរ នឹងអាចជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត។ លោកឯកអគ្គរដ្ឋទូត ក៏បង្ហាញទិសដៅចង់ឱ្យមានវិនិយោគិនកម្ពុជា ចូលទៅវិនិយោគនៅប្រទេសវៀតណាមផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឱកាសនេះបានជម្រាបជូនអំពីកិច្ចការងាររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចការងារវិនិយោគ រវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាជាមួយវិស័យឯកជន។ ក្នុងនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចដើរតួនាទីសម្របសម្រួលរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនពីបណ្ដាប្រទេសនានាអាចជួបគ្នា ដើម្បីជជែកពិភាក្សាស្វែងយល់ពីសក្ដានុពលផ្សេងៗក្នុងការវិនិយោគផងដែរ។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រីនឹងពិនិត្យលទ្ធភាព ឱ្យវិនិយោគិនពីប្រទេសទាំងពីរ អាចជួបជជែកពិភាក្សាដើម្បីស្វែងយល់ពីឱកាសវិនិយោគរវាងគ្នានិងគ្នាផងដែរ៕