(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្នើយ៉ាងទទូចដល់អាជ្ញាធរខណ្ឌច្បារអំពៅ មេត្តាចុះបិទ និងរុះរើទីតាំងកសិដ្ឋានចិញ្ចឹមមាន់ជល់គ្មានច្បាប់អនុញ្ញាតមួយកន្លែង ដែលនៅតែបង្កសម្លេងរំខាន និងក្លិនស្អុយ ដល់អ្នករស់នៅជុំវិញ ទៅតាមការសម្រេចរបស់អាជ្ញាធរ បន្ទាប់ពីទុករយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យរុះរើចេញ ប៉ុន្តែម្ចាស់កសិដ្ឋាននេះ មិនអនុវត្តតាមឡើយ។

តំណាងប្រជាពលរដ្ឋបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីប្រជាពលរដ្ឋដាក់ពាក្យបណ្តឹង និងការចុះពិនិត្យទីតាំងកសិដ្ឋាន ជាបន្តបន្ទាប់របស់អាជ្ញាធរ, កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរបានសម្រេចទុកពេលចំនួន ៣០ថ្ងៃ ដើម្បីឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ជល់អត់ច្បាប់នេះរុះរើចេញទាំងស្រុង។ ក្នុងករណីហួសការកំណត់នេះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការ ចុះរុះរើដោយមិនទទួលការបាត់បង់ ឬខូចខាតអ្វីទាំងអស់។

ប៉ុន្តែរហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ ដែលមានរយៈពេលជាង៤០ថ្ងៃទៅហើយនោះ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ជល់ គ្មានច្បាប់អនុញ្ញាតខាងលើនេះ នៅតែមិនព្រមរុះចេញនោះឡើយ ដោយនៅតែបង្កការរំខានដល់ប្រជាពលរដ្ឋដដែល។ ដូច្នេះហើយ ទើបប្រជាពលរដ្ឋសំណូមពរយ៉ាងទទូច សុំឱ្យអាជ្ញាធរចាត់វិធានការចំពោះទីតាំងចិញ្ចឹមមាន់ជល់គ្មានច្បាប់នេះ ដើម្បីកុំប៉ះពាល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋតទៅទៀត៕