(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូសុខាភិបាល ចុះទស្សនកិច្ច និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិ ពិសោធន៍សុខាភិបាល។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍គន្លឹះចំនួន ៣ចំណុច ដើម្បីជំរុញល្បឿននៃការងារកាន់តែលឿន និងពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ។ក្នុងនោះរួមមាន៖
១៖ ត្រូវយកចិត្ដទុកដាក់បន្ថែមលើការបំពេញភារកិច្ចរបស់ខ្លួន ពីព្រោះមន្ទីរពិសោធន៍ជាកន្លែងបញ្ជាក់ថាត្រឹមត្រូវ ឬមិនត្រឹមត្រូវស្ដង់ដារ សុទ្ធ ឬមិនសុទ្ធ ដែលផ្ទៀងផ្ទាត់លើនិយាមសរសេរនៅលើប្រអប់ថ្នាំនៃផលិតផល។
២៖ ត្រូវពង្រឹងការងារបច្ចេកទេស ដោយត្រូវយកចិត្ដទុកក្នុងបន្ថែមទៅលើការកត់ត្រាឡើងវិញ កុំឱ្យមានការធ្វេសប្រហេស ដែលធ្វើឱ្យយើងវាយតម្លៃខុស ។ដូច្នេះត្រូវធ្វើការផ្ទៀងផ្ទាត់ ត្រួតពិនិត្យឱ្យដោយការប្រុងប្រយ័ត្ន និងយកចិត្ដដាក់ខ្ពស់
៣៖ ត្រូវមានការសាមគ្គីភាពគ្នា ស្មោះត្រង់ មានទំនាក់ទំនងគ្នា និងជួយគ្នាទៅវិញទៅវិញ ប្រកបដោយសមភាព។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានបន្ដថា «យើងទាំងអស់នៅមជ្ឈមណ្ឌលជាតិ ពិសោធន៍សុខាភិបាល សឹងតែដើរតួនាទីដូចមន្ដ្រីយុត្ដិធម៌ដូច្នេះដែរ ព្រោះជាទីតាំងបញ្ជាក់ពីភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវរបស់ផលិតផល ឱសថ ឬថ្នាំផ្សេងៗ ដូច្នេះសូមឱ្យបងប្អូនទាំងអស់ ត្រូវអនុវត្ដន៍ការងារដោយភាពឯករាជ្យ ស្មោះត្រង់ត្រឹមត្រូវ ប្រកបដោយដោយទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ដោយ មិនត្រូវទទួលសម្ពាធពីខាងណានោះទេ ព្រោះថាផលិតទាំងអស់ គឺគ្របដណ្ដប់លើសុខភាពរបស់ប្រជាជនយើង»។
សូមជម្រាបថា បន្ទាប់ពីបានចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងអាណត្ដិទី៧ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានដាក់ចេញនូវយុទ្ធសាស្ដ្រអាទិភាព ដើម្បីបម្រើសុខភាពរបស់ប្រជាជនប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព និងសមធម៌ លើ២៤។ លើសពីនោះ បើគិតចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា ,លោកបានដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិក ទូទាំង២៥រាជធានី-ខេត្ដ ទាំងថ្ងៃ និងយប់ ជាមួយនឹងការផ្ដល់អនុសាសន៍ណែនាំ និងលើកទឹកចិត្ដ រួមគ្នាធ្វើការប្រកបដោយបុរេសកម្ម ដើម្បីផ្ដល់ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋជាធំ៕