(សៀមរាប)៖ លោក លី សំរិទ្ធ អភិបាលរងខេត្តតំណាងរបស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងអ្នកប្រកបរបរ រត់រ៉ឺម៉ក់កង់បី និងរថយន្តតាក់ស៊ី ប្រមាណជា៦០នាក់ នៅសាលសាលាខេត្តសៀមរាប ដើម្បីដោះស្រាយនូវទុក្ខកង្វល់ទាក់ទងនឹងតម្លៃផ្លូវ ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

ក្នុងឱកាសនោះដែរ លោក លី សំរិទ្ធ បាន​លើកឡើងថា ក្នុងនាមជាអាជ្ញាធរខេត្ត និងជាអាណាព្យាបាលរបស់បងប្អូនអ្នកប្រកបរបរ រត់រ៉ឺម៉ក់កង់បី និងរថយន្តតាក់ស៊ី នៅពេលជួបទុក្ខលំបាក គឺត្រូវតែធ្វើការដោះស្រាយជូនបងប្អូនជានិច្ច។

លោកក៏បានឱ្យតំណាងអ្នកដឹកភ្ញៀវទេសចរ ដើមី្បលើកជាសំណើ សំណូមពរ ដែលចង់បាននៅចំពោះមុខនេះ ដើមី្បរដ្ឋបាលខេត្ត លើកយកនូវសំណើ និងសំណូមពរទាំងនោះ ដាក់ជូនទៅរាជរដ្ឋាភិបាល ធ្វើការដោះស្រាយជូនបងប្អូន ដោយអាជ្ញាធរខេត្តមិនមានសិទ្ធិសម្រេចនោះឡើយ គឺមានតែរាជរដ្ឋាភិបាល និងក្រុមហ៊ុននោះទេ។

លោក លី សំរិទ្ធ បានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) គឺរួមគ្នាបន្តពិនិត្យ និងពិភាក្សាលើតម្លៃសេវារថយន្តដឹកភ្ញៀវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីរកដំណោះស្រាយសមស្របសម្រាប់សម្រួល និងកាត់បន្ថយលើការចំណាយនៃសេវាប្រើប្រាស់ផ្លូវ និងចំណតផង​ដែរ។ រដ្ឋបាលខេត្តបានស្មើក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) ពិចារណាលើការយកថ្លៃសេវា ចំពោះការចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ ក្នុងនោះដែររយៈពេល ១៥នាទីគួរពុំគិតថ្លៃ ដើម្បីលើកទឹកចិត្ត និងសម្រួលជូនដល់អ្នកដឹកភ្ញៀវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងពិចារណាលើការបន្ធូរបន្ថយ ក្នុងកម្រិតណាមួយឲ្យបានសមស្រប ដែលអាចដោះស្រាយបញ្ហានេះរួមគ្នាបាន។

តំណាងអ្នកដឹកភ្ញៀវទេសចរ ក៏បានលើកឡើងនូវសំណើ និងសំណូមពរមួយចំនួន ដោយផ្តោតទៅលើតម្លៃសេវាផ្លូវ និងចំណត នៅព្រលានមានតម្លៃខ្ពស់ ដោយសុំឱ្យធ្វើចំណតរថយន្តនៅក្រៅព្រលាន សម្រាប់រងចាំដឹកភ្ញៀវចេញពីព្រលាន និងពេលចេញពីចំណតរង់ចាំចូលទៅដឹកភ្ញៀវកុំឱ្យគិតថ្លៃម្តងទៀត។ បញ្ឈប់ការជួលម៉ូតូ និងកង់ឲ្យភ្ញៀវទេសចរជឹះ ដែលធ្វើឱ្យបាត់ចំណូលរបស់បងប្អូនរ៉ឺម៉កកង់បី។ ករណីចំណតនៅទីប្រជុំជនក្នុងក្រុង មិនទាន់បានរៀបរយនៅឡើយ។

លោក លី សំរិទ្ធ បានលើកឡើងថា រាល់សំណើ និងសំណូមពរ ដែលបងប្អូនបានលើកឡើងនាពេលនេះ លោកនឹងរាយការណ៍ជូនទៅថ្នាក់ជាតិ ដើមី្បដាក់ប្រជុំ នៅថ្ងៃទី៤មករាស្អែកនេះ ដើមី្បធ្វើការសម្រេច។

លោកក៏បានលើកផងដែរ ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ បងប្អូនយើងត្រូវបាត់បង់ ការងារ និងចំណូលប្រចាំថ្ងៃ និងក្រោយវិបត្តិជម្ងឺកូវិដមានភាពធូស្រាល ធ្វើឱ្យបងប្អូនប្រកបអាជីពដឹកភ្ញៀវទេសចរមានក្តីសង្ឃឹមឡើងវិញ។ នៅពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានបើកដំណើរការ បងប្អូនគិតថា ក្នុងការចេញចូលព្រលានយន្តហោះថ្មីនេះ គេយកកម្រៃដូចអាកាសយានដ្ឋានចាស់ តែផ្ទុយស្រឡះ ពីការស្រមៃរបស់បងប្អូនទៅវិញ។

លោកក៏បានណែនាំដល់បងប្អូនសូមរក្សានូវសណ្តាប់ធ្នាប់សង្គម និងបញ្ឈប់នូវការផ្សព្វផ្សាយអ្វី ដែលមិនផ្តល់ផលប្រយោជន៍ដល់ជាតិ ហើយរាល់ការផ្សព្វផ្សាយ ទៅតាមបណ្តាញសង្គមនោះ ដូចជាការវាយបំបែកឆ្នាំងបាយរបស់ខ្លួនអីចឹង។ ដូច្នេះ បើមានបញ្ហាអ្វីកើតឡើងនោះ សូមបងប្អូនធ្វើសំណើរ ឬសំណូមពរដល់អាជ្ញាធរខេត្ត ដើមី្បធ្វើការដោះស្រាយជូនបងប្អូន ព្រោះទុក្ខកង្វល់របស់បងប្អូនក៏ដូចជាទុក្ខលំបាករបស់អាជ្ញាធរផងដែរ៕